ភ្នំពេញ៖ លោក ពេញ ធារម្យ បានបញ្ជាក់ថា៖ ការកើនឡើងនៃសីតុណ្ហភាព ការកើតមានរលកកម្ដៅ និងរយៈពេលក្តៅកាន់តែយូរជាងមុន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់ និងប្រកបរបរចិញ្ចឹមជីវិតប្រឈមនឹងកម្ដៅខ្លាំង និងយូរជាងមុន។
លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោង «ការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ។
លោក ពេញ ធារម្យ បានបន្តថា៖ បញ្ហាកម្ដៅកើនឡើងខ្លាំង មិនត្រឹមតែជាបញ្ហាបរិស្ថានមួយប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាពសាធារណៈ សុវត្ថិភាពការងារ និងគុណភាពជីវិតប្រជាពលរដ្ឋក្នុងតំបន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងឆ្លើយតបបានទាន់ពេលវេលា។ ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភពីអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cities) បានរៀបចំផែនការអនុវត្តគម្រោងនេះឡើង ដើម្បីចូលរួមពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការបង្កើតយន្តការការពារ កាត់បន្ថយ និងឆ្លើយតបចំពោះផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីការកើនឡើងនៃរលកកម្ដៅ។
ដើម្បីធានាដល់ដំណើរការរបស់គម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំជាផែនការសកម្មភាព និងការកសាងប្រព័ន្ធទិន្នន័យ ដើម្បីឈានដល់ការវិភាគ និងវិនិច្ឆ័យហានិភ័យកម្ដៅ រួចដាក់ចេញជាវិធានការសម្រាប់អនុវត្តប្រកបដោយចីរភាព និងនិរន្តរភាព ព្រមទាំងចូលរួមកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន។
លោក Farhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cities) បានមានប្រសាសន៍ថា៖ អង្គការនេះមានទីក្រុងចំនួន ៧៤ទីក្រុងជុំវិញពិភពលោកជាសមាជិក ដោយទីក្រុងទាំងអស់នោះតែងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ។ ក្នុងនាមជាសមាជិក រាជធានីភ្នំពេញតែងតែបានចូលរួមអនុវត្តការងារយ៉ាងល្អប្រសើរ ជាក់ស្តែងដូចជា៖ គម្រោងបញ្ចប់ការលក់ភេសជ្ជៈផ្អែមនៅតាមសាលារៀន ជាមួយនិងការរៀបចំឱ្យមានទឹកស្អាតនៅតាមសាលា គម្រោងគ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនជាដើម។ លោកបានបន្តថា ពេលនេះយើងមានបញ្ហាមួយទៀត នោះគឺបញ្ហារលកកម្ដៅ ដែលធ្វើឱ្យមនុស្សប្រឈមនឹងជំងឺ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយយើងចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង តាំងពីឆ្នាំ២០១៧ ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដូចជាការបញ្ចប់ការលក់ភេសជ្ជៈផ្អែម និងការធ្វើឱ្យមានទឹកស្អាតនៅតាមសាលារៀន គម្រោងគ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពនៅតាមសាលារៀនជាដើម។ ហើយនៅពេលនេះ រដ្ឋបាលរាជធានីបានរៀបចំផែនការដោយដាក់ឧបករណ៍វាស់ធាតុអាកាសនៅតាមខណ្ឌចំនួន ១១ទីតាំង ដើម្បីតាមដានក្នុងការកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ និងការស្លាប់ដោយសារបញ្ហារលកកម្ដៅ។ លោកស្រីបានស្នើឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា ជួយផ្តល់ការសហការឱ្យបានល្អជាមួយអ្នកជំនាញនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការដំឡើងឧបករណ៍វាស់សីតុណ្ហភាពនៅតាមទីតាំងទាំង ១១ និងការផ្តល់បទសម្ភាសន៍ ដើម្បីឱ្យក្រុមការងារអាចទទួលបានទិន្នន័យជាក់លាក់ ក្នុងការរៀបចំផែនការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិត ដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញតាមផែនការដែលបានគ្រោងទុក។
នៅក្នុងឱកាសនោះផងដែរ លោក Farhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវឧបករណ៍ និងបរិក្ខារចាំបាច់ចំនួន ១១ឈុត សម្រាប់ដំឡើងក្នុងគោលបំណងប្រមូលទិន្នន័យសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច