ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:០០នាទី កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ (ភេទស្រី)។
បន្ទាប់មក វេលាម៉ោង ២១:៣០នាទី ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ នៅសណ្ឋាគារមួយកន្លែង ក្នុងភូមិ៤ សង្កាត់លេខ៤ និងឃាត់ខ្លួនបក្ខពួកជនសង្ស័យជាជនជាតិវៀតណាមម្នាក់ទៀត (ភេទស្រី)។ លុះឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:៣០នាទី កម្លាំងជំនាញបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើចំនួន ០១នាក់ទៀត ជាជនជាតិចិន នៅខុនដូមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖
១. ឈ្មោះ KIM LIP ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម
២. ឈ្មោះ NGUYEN THI TRANG ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម
៣. ឈ្មោះ ZHANG JIA WEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន
វត្ថុតាងដកហូតសំខាន់ៗសរុបរួមមាន៖
* ក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន ៦៨កញ្ចប់
* ថ្នាំគ្រាប់ WY ចំនួន ១,៦៤៣គ្រាប់
* ក្បាលបារីអេឡិចត្រូនិច ចំនួន ៦០ក្បាល
* បារីអេឡិចត្រូនិច ចំនួន ៤១ដើម
* ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង
* ទូរស័ព្ទដៃ, ម៉ូតូ, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច