ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្រយោធាថៃ ក្នុងជម្រៅ ៤០០ម៉ែត្រ ចូលក្នុងដែនអាកាសកម្ពុជា នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាចាត់ទុកសកម្មភាពនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងល្មើសយ៉ាងច្បាស់នឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
សកម្មភាពហោះឧទ្ធម្ភាគចក្ររបស់យោធាថៃនេះ បានរំលោភបំពានប្រឆាំងនឹងមាត្រា១ និងមាត្រា៣(គ) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ) ដែលការពារអធិបតេយ្យដែនអាកាស និងហាមឃាត់យន្តហោះរដ្ឋហោះចូលដែនដីប្រទេសផ្សេងដោយគ្មានការអនុញ្ញាត ព្រមទាំងរំលោភលើវិធានការបន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួម GBC ឆ្នាំ២០២៥។
ចំពោះសកម្មភាពនេះ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការរំលោភបំពានជាបន្ទាន់ និងគោរពការប្ដេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ដើម្បីស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងអ្នកជិតខាងល្អឡើងវិញ ខណៈកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច