ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលចូលក្រោមរថយន្តដឹកថ្ម រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារី ០២នាក់ជិះម៉ូតូឌុបគ្នាទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលចូលក្រោមរថយន្តដឹកថ្ម បណ្តាលឱ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០២:០០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកថ្ម ពាក់ស្លាកលេខចង្កូតស្តាំ PP 0514 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ០២គ្រឿងជិះស្របទិសគ្នាមកពីក្រោយ ហើយបានទាក់ដៃចង្កូតគ្នា បណ្តាលឱ្យម៉ូតូមួយគ្រឿងដួលចូលក្រោមរថយន្ត តែសំណាងល្អមិនកិនចំមនុស្ស បណ្តាលត្រឹមឱ្យរងរបួសដៃជើង ចំណែកម៉ូតូមួយគ្រឿងទៀតបានជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែងអែបខាង ដើម្បីទុកឱ្យភាគីសងខាងសម្រួលគ្នា៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖