ខេត្តកំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៥ នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានការប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline 1292។
ក្មេងទំនើងទាំង ០៥នាក់ ត្រូវបានឃាត់ខ្លួនជាបន្ត បន្ទាប់។ ក្រុមទីមួយមាន ០១នាក់ ឈ្មោះ គឿន ពិសិដ្ឋ អាយុ ១៦ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី នៅចំណុចផ្លូវលេខ១៣០ ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ក្រុមទីពីរមាន ០៤នាក់ ឈ្មោះ អ៊ឹម លីន អាយុ ១៧ឆ្នាំ, ប៉េង ណារុន អាយុ ១៦ឆ្នាំ, ឡី លីសៀង អាយុ ១៨ឆ្នាំ និង ទង សាវ៉ាត អាយុ ២២ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៥០នាទី នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន។ វត្ថុតាងរួមមានម៉ូតូ ០៤គ្រឿង និងទូរស័ព្ទ ០៥គ្រឿង ត្រូវបានដកហូត។
បច្ចុប្បន្នក្មេងទំនើងទាំងនេះ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុកម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងអស់នេះ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងបង្កភាពអនាធិបតេយ្យ។
ចំណែកម៉ូតូទាំង ០៤គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ដើម្បីជាការព្រមាន និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច