ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចេញអន្តរាគមន៍ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងធ្លាក់ផ្លូវ នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១២:៣៧ នាទី នៅចំណុចគីឡូម៉ែត្រលេខ ២៧៧ ខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងសង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់រថភ្លើងដឹកជញ្ជូនប្រេងម៉ាស៊ូត និងប្រេងសាំង (ធ្វើដំណើរចេញ ពីស្ថានីយតេលាក្រុងព្រះសីហនុ ឆ្ពោះ ទៅកាន់ស្ថានីយតេលាបឹងព្រីង ខេត្តបាត់ដំបង) បានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យក្រឡាប់ទូរប្រេងចំនួន ០៤ទូរ (ទូរប្រេងម៉ាស៊ូត ០៣ទូរ និងទូរប្រេងសាំង ០១ទូរ)។

គ្រោះថ្នាក់នេះ បានបណ្តាលឱ្យមានការហៀរប្រេងចេញមកខាងក្រៅ ហូរចូលក្នុងប្រឡាយ និងលើដី ដែលបង្កឱ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ព្រមទាំងបរិស្ថានជុំវិញកន្លែងកើតហេតុ។

ភ្លាមៗក្នុងពេលកើតហេតុ ស្របតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍របស់ លោកសុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន បញ្ចេញរថយន្តពន្លត់អគ្គិភ័យ និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន សហការជាមួយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ព្រមទាំងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយ លោក លាង វាសនា អភិបាលក្រុង ចុះអន្តរាគមន៍ និងទប់ស្កាត់ជាបន្ទាន់។

កម្លាំងសមត្ថកិច្ចបានចុះរៀបចំសណ្តាប់ធ្នាប់ និងហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យចូលទៅកាន់តំបន់គ្រោះថ្នាក់ ដើម្បីដងយកប្រេង ដែលហៀរចេញនោះឡើយ ដោយសារសកម្មភាពនេះអាចបង្កឱ្យមានគ្រោះថ្នាក់ អគ្គិភ័យ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

គិតមកដល់ពេលនេះ ស្ថានភាពនៅកន្លែងកើតហេតុ ត្រូវបានគ្រប់គ្រងបានជាធម្មតា និងមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។ យ៉ាងណាមិញ សមត្ថកិច្ចនគរបាលនៅតែបន្តបោះទីតាំង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហានៅទីនោះជាបន្តទៀត ខណៈដែលមានប្រជាពលរដ្ឋមួយចំនួន នៅតែព្យាយាមចូលទៅជិតទីតាំងកើតហេតុ៕

ដោយ៖ សុខហេង


ចែករំលែក៖