ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ ចាន់ ស៊ីនាត អធិការរងទទួលផែនសន្តិសុខ និងលោកវរសេនីយ៍ត្រី តុន មូនី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌដង្កោ តំណាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងដោយមានការសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិបង់ក្លាដែសចំនួន៧នាក់ដែលពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។
ប្រតិបត្តិការពិនិត្យរដ្ឋបាលលើជនបរទេសនិងឃាត់ខ្លួនជនជាតិបង់ក្លាដែសខាងលើនេះ បានធ្វើឡើងនៅក្នុងបុរីឡាយ គង់ ផ្ទះលេខ២៥ ផ្លូវលេខ៦ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈនិងវត្ថុតាងមួយចំនួនដែលសង្ស័យប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោក។
បើយោងតាមការឱ្យដឹងពីអាជ្ញាធរបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៧នាក់ (ជនជាតិបង់ក្លាដែស) ដែលបាននិងកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។
ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន៣គ្រឿង ទូរស័ព្ទដៃចំនួន១៣គ្រឿង និងដុំ Wi-Fi ចំនួន១។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច