ខេត្តកណ្តាល៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានស្រវឹងស្រាជោកជាំបើករថយន្តដេញគៀបម៉ូតូ និងវាយទៅលើបុរសអ្នកដំណើរម្នាក់បណ្ដាលឲ្យរងរបួសបែកចុងចិញ្ចើម គួរ ឲ្យអាណិតអាសូរ ខណៈជនរងគ្រោះកំពុងប្រញាប់ទៅមើលប្រពន្ធសម្រាលកូន។ អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង៥០នាទីយប់ កាលពីថ្ងៃទី ២៣ កញ្ញា ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ឲ្យដឹងថា នៅក្នុងករណីនេះជនសង្ស័យឈ្មោះ ពេជ សារឿន (ប្រុស, ៤៥ឆ្នាំ) មុខុំរបរសន្តិសុខ មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលេខ១៩ ក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងគ្មានសារធាតុញៀនក្នុងទឹកនោមនោះទេ។ ចំណែកជនរងគ្រោះឈ្មោះ អៀ គីមឡេង (ប្រុស, ២៤ឆ្នាំ) មុខ របរបើកបរ មានទីលំនៅភូមិកណ្ដាល ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។ លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមានរថយន្ដ ១គ្រឿង ម៉ាកតាកូម៉ាពណ៌ស ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ ២ប៊ីភី-១៧៨០ និងវិទ្យុទាក់ទង ១គ្រឿង ម៉ាកម៉ូតូរ៉ូឡាពណ៌ខ្មៅ។
លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅម្ដុំស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ យ៉ាងប្រញាប់ប្រញាល់ឆ្ពោះទៅមើលប្រពន្ធកំពុងសម្រាលកូននៅមន្ទីរពេទ្យឯខេត្ដកំពង់ស្ពឺ។ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤ មក ដល់មុខភូមិកៅ ឃុំបែកចាន ជនរងគ្រោះបានឃើញរថយន្ដរបស់ជនសង្ស័យបើករេពេញផ្លូវ ទើបចុចសំឡេងសុំផ្លូវដើម្បីវ៉ាជែង។ បន្ទាប់ពីជិះវ៉ាផុតរថយន្ដឆ្ងាយបន្តិច ស្រាប់តែជនសង្ស័យបានបើករថយន្តដេញតាមពី ក្រោយរហូតដល់ចំណុចកើតហេតុ ទើបជនសង្ស័យបើកវ៉ាគៀបម៉ូតូរបស់ជនរងគ្រោះឲ្យអែបកៀនផ្លូវ។
ប្រភពដដែលបានបញ្ជាក់ថា ពេលនោះភាគីទាំងពីរក៏បានជជែកគ្នា ដោយជនសង្ស័យដែលមានសភាពស្រវឹងស្រាជោកជាំបានប្រើកាយវិការច្រងេងច្រងាង និងនិយាយគំរាមប្រមាថខ្លាំងៗ។ ដោយមានការភ័យខ្លាច ជនរងគ្រោះក៏បានលើកដៃសំពះសុំទោសជនសង្ស័យរហូត ប៉ុន្តែជនសង្ស័យនៅតែស្ទុះទៅវាយជនរងគ្រោះចំនួន ២ដៃ និងយកវិទ្យុទាក់ទងវាយបន្ថែម ១ដងទៀត បណ្ដាលឲ្យជនរងគ្រោះរងរបួសបែកចុងចិញ្ចើមខាង ឆ្វេង រួចជនសង្ស័យក៏បានបើករថយន្ដគេចខ្លួនបាត់ទៅ។
ក្រោយមក ក៏មានប្រជាពលរដ្ឋឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលបែកចានឲ្យចុះមកអន្តរាគមន៍ និងស្វែងរកជនសង្ស័យ។ រហូតដល់ម៉ោង ២១ និង៤៥នាទីយប់ កម្លាំងប៉ុស្ដិ៍បែកចាន និងប្រជាការពារភូមិបានល្បាតប្រទះឃើញរថយន្ដជនសង្ស័យចតនៅមុខផ្លូវចូលភូមិកៅ ទើបហៅទៅសួរនាំនៅអធិការដ្ឋានតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះចំនួន ២ដៃ និងយកវិទ្យុទាក់ទងវាយបណ្ដាលឲ្យបែកក្បាលពិតមែន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច