សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាមានសញ្ញាជាច្រើនបង្ហាញថា សត្រូវរបស់អ៉ីស្រាអែលអាចនឹងព្យាយាមបើកការវាយប្រហារនៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលាខាងមុខ។
ការព្រមានរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគំរាមតាមសម្លាប់មេដឹកនាំក្រុមហាម៉ាស់ដែលកំពុងរស់នៅក្រៅតំបន់ហ្កាហ្សា។កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក Netanyahu និងលោក Katz បានចេញសារព្រមានម្ដងហើយម្ដងទៀតទៅកាន់អ៉ីរ៉ង់ ក្រុមហេសបូឡានៅលីបង់ ព្រមទាំងអាជ្ញាធរប៉ាឡេស្ទីនក្នុងតំបន់ West Bank ថាអ៉ីស្រាអែលនឹងសងសឹកក្នុងករណីរងការវាយប្រហារណាមួយ។
«យើងទទួលបានសញ្ញាជាច្រើនបង្ហាញថា នៅមុនការបោះឆ្នោតចូលមកដល់ សត្រូវរបស់យើងនឹងព្យាយាមវាយប្រហារលើពួកយើង។ ដូច្នេះ…ខ្ញុំសូមផ្ញើសារមួយទៅពួកគេថា៖ កុំមករករឿងជាមួយពួកយើងឱ្យសោះ មិនថា បច្ចុប្បន្នឬនៅពេលអនាគត ពីព្រោះយើងនឹងតាមកម្ទេចពួកអ្នកគ្រប់ពេលវេលា ហើយមិនថានៅទីណានោះទេ»។ នេះជាការគំរាមរបស់លោក Netanyahu ធ្វើឡើងក្នុងវីដេអូនៅឯមូលដ្ឋានទ័ពអាកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោក។
អ៉ីស្រាអែលនឹងត្រូវរៀបចំការបោះឆ្នោតសកលមួយនៅថ្ងៃទី២៧ ខែតុលាខាងមុខ ខណៈលោក Netanyahu ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញដើម្បីបន្តកាន់អំណាច៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច