ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្ត បន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបសរុបចំនួន ០៦ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៣នាក់ ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ ទោស (លួចម៉ូតូដោយកាច់បំបែកសោ), អំពើលួចធម្មតា (លួចទូរស័ព្ទ និងសម្ភារ), ករណីលួចកាត់ខ្សែភ្លើង និងអំពូលភ្លើង ព្រមទាំងករណី ប៉ុនប៉ងឃាតកម្ម និងកាន់ កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបន្តស្រាវជ្រាវរកបក្ខពួកដែលពាក់ព័ន្ធបន្ថែមទៀតផងដែរ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទដៃ ខ្សែភ្លើង អំពូលភ្លើង សម្ភារដែក ឧបករណ៍កាត់ និងឧបករណ៍ប្រើប្រាស់ក្នុងសកម្មភាពបទល្មើសផ្សេងៗ ព្រមទាំងគ្រាប់អាវុធខ្លីមួយចំនួន ។

ចំពោះសម្ភារវត្ថុតាងមួយចំនួន បានប្រគល់ឱ្យម្ចាស់ដើមវិញ ដោយទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

ចំពោះអ្នកដែលពុំមានតម្រុយពាក់ព័ន្ធបទល្មើស សមត្ថកិច្ចបានអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានា ឱ្យត្រឡប់ទៅលំនៅឋានវិញ ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ៕

ដោយ៖ សុខហេង


ចែករំលែក៖