ខេត្តកំពង់ស្ពឺ៖ រថយន្តសាំយ៉ុង១គ្រឿងដែលរត់តាក់ស៊ីដឹកអ្នកដំណើរ ១៥ នាក់ ក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៤ របួសធ្ងន់ ១នាក់ ស្រាល ១៤ នាក់ ខណៈអ្នកបើកបររត់គេចបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅចន្លោះគីឡូម៉ែត្រលេខ៨៩ ៩០តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា រថយន្តតាក់ស៊ីម៉ាក SsangYong ពណ៌ស ១គ្រឿង មានដឹកអ្នកដំណើរសរុប ១៥នាក់បានធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត មករេចង្កូតធ្លាក់ចេញពីផ្លូវ និងក្រឡាប់ដោយខ្លួនឯង។
ហេតុការណ៍នេះបណ្ដាលឱ្យអ្នកដំណើរ១នាក់រងរបួស ធ្ងន់ ដោយបាក់ជើងខាងឆ្វេង និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ អ្នកដំណើរ 14នាក់ផ្សេងទៀតរងរបួសស្រាល។ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់នោះទេ។
ក្រោយកើតហេតុ អ្នកបើកបរដែលមិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចចេញពីកន្លែងកើតហេតុ។ បច្ចុប្បន្ន រថយន្តត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច