ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ជា ចិន្តា និងក្រុមហ៊ុន ណេងណា ដឹកជញ្ជូនឈើតាមរថយន្តវ៉េអងមួយខ្សែៗ មេត្តាសមត្ថកិច្ច និងជំនាញពិនិត្យPC ក្រែងខុសយក្យថាប្រភេទឈើ !

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កាលណាមានក្រុមហ៊ុនវិនិយោគ ដឹកជញ្ជូន ដាំដុះតាមបណ្តាស្រុក ខេត្ត គឺទទួលបានផលចំណេញចូលរដ្ឋ ប្រជាពលរដ្ឋ ក៏មានការងារធ្វើ ឱ្យតែអនុលោមទៅតាមច្បាប់។ សព្វថ្ងៃ នឹងកន្លងមក ក្រុមហ៊ុន ជា ចិន្តា និងក្រុមហ៊ុន ណេងណា ដឹកជញ្ជូនឈើតាមរថយន្តវ៉េអងធំៗ មួយខ្សែៗ ចេញពីក្រុមហ៊ុនមានចំនួនច្រើន បើគាត់អនុវត្តតាមច្បាប់អនុញ្ញាត PC នោះក្រុមហ៊ុនក៏ផ្តល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋ ហើយក៏បានបង់ពន្ធចូលរដ្ឋ ក្នុងនោះក៏ត្រូវទាមទារ ឱ្យមានការត្រួតពិនិត្យនៅដើមទី ខ្លាចមានប្រឡោះប្រហោងណាមួយ នោះជារឿងផ្សេងដែលអាចឈានដល់កន្ទេលធំបន្លំដេក ។ ខ្លាចតែម្យ៉ាងទេ PC អនុញ្ញាតឱ្យដឹកកូនឈើ ជន្លង់ម្រេច ឈើអារ គ្រឿង ប៉ុន្តែមេត្តាសមត្ថកិច្ច និងជំនាញពិនិត្យPC ក្រែងខុសយក្យថាប្រភេទឈើ !  បើពេលដឹកបែរជាឈើឡាំងបួនជ្រុងគឺខុសច្បាប់ហើយ ។ 

កន្លងទៅសកម្មភាពដឹកជញ្ជូនឈើចេញពីទីតាំងក្រុមហ៊ុន ណេងណា ក្នុងស្រុកកោះញែក កាលពីរំលងអធ្រាត្រឈានចូលដើមខែតុលា ឆ្នាំ២០២៦ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការរាយការណ៍ថា រថយន្តធុនធំប្រភេទវ៉េអងជាច្រើនគ្រឿង បានដឹកឈើជន្លង់ម្រេចចេញពីទីតាំងក្រុមហ៊ុនក្នុងពេលយប់។

លោក អ៊ូ សុភក្ដី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការនាំឈើចេញពីក្រុមហ៊ុន ណេងណា ចំនួន ៦រថយន្ត ហើយតាមការបញ្ជាក់របស់ជំនាញ ឈើទាំងនោះមានលិខិតដឹកជញ្ជូន ឬលិខិតអនុញ្ញាត ត្រឹមត្រូវ។

ប៉ុន្តែចំណុចដែលកំពុងធ្វើឱ្យសាធារណជនចាប់អារម្មណ៍ គឺ ប្រសិនបើឯកសារត្រឹមត្រូវ តើហេតុអ្វីបានជារថយន្តទាំងនេះត្រូវបានរាយការណ៍ថា ឃាត់នៅស្រុកស្នួល ខេត្តក្រចេះ ហើយត្រូវឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងជំនាញបន្តពិនិត្យ? ជាពិសេសក្រោយមួយថ្ងៃកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឃាត់រថយន្តដឹកឈើក្រុមហ៊ុន ណេង ណា សង្ស័យខុសយក្យថាប្រភេទឈើ ! ប៉ុន្តែមានអភិបាលរងខេត្តមណ្ឌលគិរី មួយរូបបញ្ជាឱ្យនគរបាលដោះលែងវិញ (មិនប្រាប់ពីហេតុផល) ហើយក៏បិទរឿងនេះស្ងាត់ដល់បច្ចុប្បន្ន ។ 

ទាំងក្រុមហ៊ុនជា ចិន្តា និងក្រុមហ៊ុន ណេងណា បើមានការត្រួតពិនិត្យនៅដើមទី ត្រូវផ្ទៀងផ្ទាត់ចំនួនឈើ ប្រភេទឈើ បរិមាណឈើ និងលិខិតអនុញ្ញាតឱ្យបានច្បាស់លាស់ មុនពេលចុះហត្ថលេខា ឬអនុញ្ញាតឱ្យរថយន្តចាកចេញ ពិតជាមានតម្លាភាព ចៀសវាងដឹកចេញពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដោយរលូន តែករណីខ្លះសមត្ថកិច្ចជំនាញខេត្តក្រចេះ ខេត្តត្បូងឃ្មុំឃាត់ថាដឹកជញ្ជូនមិនស្របច្បាប់អនុញ្ញាត តាមPC នេះជាក្តីបារម្ភមួយផងដែរ ។ 

ព្រោះបើការត្រួតពិនិត្យនៅដើមទីមានភាពហ្មត់ចត់ ហើយឯកសារ និងបរិមាណឈើស្របគ្នាទាំងអស់ នោះការឃាត់នៅតាមផ្លូវគួរតែអាចបញ្ជាក់បានយ៉ាងច្បាស់ថា បញ្ហាស្ថិតនៅចំណុចណា និងអ្នកណាជាអ្នកទទួលខុសត្រូវក្នុងដំណើរការត្រួតពិនិត្យ?

ក្រុមហ៊ុន ណេងណា ត្រូវបានរាយការណ៍ថា ធ្លាប់មានករណីពាក់ព័ន្ធការដឹកជញ្ជូនឈើពីមុន។ តាមព័ត៌មានដែលបានផ្តល់មក កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ ភ្នាក់ងារព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានរាយការណ៍ថា បានឃាត់រថយន្តរបស់ក្រុមហ៊ុននេះចំនួន ២គ្រឿង នៅស្រុកមេមត់ ខណៈពេលប្រុងបត់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកកូនជ្រូក ហើយមានការរាយការណ៍ថា ឈើផ្ទុកលើសបរិមាណដែលមានក្នុងលិខិតអនុញ្ញាត និងត្រូវបានតម្រូវឱ្យបង់ផាកពិន័យចំនួន ១០០លានរៀល។

ក្រុមហ៊ុនជា ចិន្តា និងក្រុមហ៊ុន ណេងណា ត្រូវបានគេសង្ស័យថា បច្ចុប្បន្នក្រុមហ៊ុននេះអាចប្រមូលឈើពីដែនលំផាត់មណ្ឌលគិរីចូលក្នុងក្រុមហ៊ុន ដូច្នេះគប្បីសមត្ថកិច្ចជំនាញពាក់ព័ន្ធមានតួនាទីបង្ក្រាប និងទប់ស្កាត់ មេត្តាយកចិត្តទុកដាក់ស្រាវជ្រាវក្នុងករណីនេះផង ក្រែងជារឿងពិត ព្រោះឈើដែលមាននៅក្នុងក្រុមហ៊ុន ឃើញធំៗ ឈើទាំងមូល ទាំងឈើជ្រុងជាឡាំងនោះផងដែរ ។ ពាក់ព័ត៌មានករណី អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពី លោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់មណ្ឌលគិរី ដោយគ្មានលេខទូរស័ព្ទ។ 

ដោយឡែកលោក អ៊ូ សុភក្ដី និងលោក អ៊ុក វណ្ណះ នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រង់សំណួរដែលសួរថា ៖ «ក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតដឹកតែកូនឈើ ជន្លង់ ប៉ុន្តែឃើញរូបភាពក្នុងក្រុមហ៊ុនមានប្រភេទឈើជ្រុងជាឡាំង តើអនុញ្ញាតឱ្យដឹកប្រភេទជាឈើជ្រុងទាំងនោះដែរឬទេ» ? ទាំងលោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គាត់មិនធ្វើការបកស្រាយ ទាំងតាមប្រព័ន្ធតេឡេក្រាម ផ្តល់ទាំងរូបភាព និងស្នើសុំការពន្យល់បកស្រាយ គាត់ចូលមើលតែមិនឆ្លើយតប ។

នៅក្នុងក្រុមហ៊ុនជា ចិន្តា មានឈើជ្រុងធំៗ ឈើមូល និងមានឡានធំៗជាច្រើនចាំដឹក និងឡានខ្លះក៏បានលើកឈើដាក់ពេញ មិនដឹងថា ច្បាប់អនុញ្ញាតសុក្រិត្យ១០០%ឬមួយយ៉ាងណាទេ ពេលខ្លះបើកដឹកកាត់ខេត្តទាំងយប់ ចុះពីរង្វង់មូលគោព្រៃ មកដល់មន្ទីរពេទ្យបង្អែកខេត្ត មិនដឹងដាក់ចំណុះក្នុងកម្រិតណាទេ គឺរ៉ូម៉ាសុីន ប្រឹងបើកឡើងសម្លេងយ៉ាងខ្ទរខ្លាំង ដែលអ្នកស្តាប់ហើយជាសមត្ថកិច្ចជំនាញ បាននិយាយថា ស្នូរបែបនេះ អាចផ្ទុកក្នុងមួយឡានមិនតិចជាង៤០ម៉ែត្រគូបឡើយ ។ 

បើអ្នកខ្លះច្រើនជុំគ្នានៅពេលព្រឹកក្នុងស្ថានីយ៍ប្រេងមួយក្នុងខេត្តមណ្ឌលគិរី អាចជាអ្នករត់ការ អ្នករកសុីដឹកឈើ ច្រើនជជែកពីការដឹក ការរត់PC ការប្រមូលគោយន្ត ការជ្រៀកឈើ ខ្លះទៀតនិយាយតគ្នាថា បើដឹកដាក់មិនលើស គឺមិនចំណេញទេ ។ 

សូមបញ្ជាក់ថា អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគតវត្ត» នឹងរងចាំទទួលការបកស្រាយពីខាងក្រុមហ៊ុន សមត្ថកិច្ច ជំនាញ អាជ្ញាធរ រៀងរាល់ម៉ោងធ្វើការ៕ 

ដោយ ៖ សុខ ខេមរា

នេះជាឈើនៅក្នុងក្រុមហ៊ុន ជាចិន្តា

នេះជាសកម្មភាពក្រុមហ៊ុន ជា ចិន្តា ដឹកជញ្ជូន ដែលជំនាញអះអាងថាមានច្បាប់អនុញ្ញាត

នេះជាឡានដឹកឈើក្រុមហ៊ុន ណេង ណា ធ្លាប់សមត្ថកិច្ចឃាត់ !


ចែករំលែក៖