ខេត្តរតនគិរី៖ រថយន្តរបស់ឈ្មោះផៃ ទីដែលតែងតែលួចដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីតំបន់គ្រប់គ្រងដោយបរិស្ថានឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកអូរយា៉ដាវខេត្តរតនគិរីត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានហើយៗប្រគល់ឱ្យខាងរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ។
ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៦នៅចំណុចភូមិសាម៉ុល ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ឈើដែលមេឈ្មួញឈ្មោះ ផៃ ទី ធ្វើការដឹកជញ្ជូនតាមរថយន្តដោយខុសច្បាប់នោះគឺចេញពីដែនជម្រកសត្វព្រៃលំផាត់ដែលគ្រប់គ្រងដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន ឃុំសមុទ្រសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ការចុះបង្ក្រាបនោះដឹកនាំដោយលោកជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា មេឈ្មួញដឹកជញ្ជូនឈើនោះមានឈ្មោះ ផៃ ទី រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយបានរត់គេចខ្លួនភ្លាមៗពេលសមត្ថកិច្ចចុះស្ទាក់បង្ក្រាប។
រថយន្តឹកឈើម៉ាកឡង់គ្រីស័រកែច្នៃកាត់ទ្រុងដឹកឈើមានមុខកាត់ធំៗពេញព្រៀបជាប្រភេទឈើសុក្រំឡាំង៤ជ្រុងចំនួន៣០ដុំ។
ក្រោយពេលបង្ក្រាបភ្លាមៗសមត្ថកិច្ចបានទំនាក់ទំនងទៅខាងជំនាញរដ្ឋបាលព្រៃឈើដើម្បីប្រគល់ឱ្យគ្រប់គ្រងនិងចាត់ការបន្ត តែហាក់មានការយឺតយ៉ាវពន្យារពេលរហូត លុះត្រាមានបទបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាទើបជំនាញចុះទៅដល់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ថា មេឈ្មួញដុះស្លែឈ្មោះផៃ ទី ដែលគេតែងសង្កេតឃើញដឹកជញ្ជូនឈើស្ទើររៀងរាល់យប់ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងប៉ុស្តិ៍ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវដែលមានសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំការនៅទីនោះ។
ការដឹកឈើចេញពីដែនជម្រកសត្វព្រៃលំផាត់ការពារដោយបរិស្ថាននោះក៏ត្រូវឆ្លងកាត់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរតាមបណ្តាស្រុក មានស្រុកលំផាត់. ស្រុកបរកែវនិងស្រុកអូរយ៉ាដាវ តែទំនងប្រហែលជាត្រូវថ្នាំ
សណ្តំអស់ហើយទើបមិនមានការបង្ក្រាប។ រហូតមកដល់យប់នោះមានកម្លាំងកងរាជអាវុធហត្ថខេត្តចុះមកឆ្មក់បង្ក្រាប ហើយប្រជាពលរដ្ឋរស់នៅតំបន់នោះក៏មានសំណូមពរដល់ថ្នាក់លើជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងបរិស្ថានផងដែរ។ គួរមានការរឹតបន្តឹងដល់មន្រ្តីជំនាញនេះផងដើម្បីមានការទប់ស្កាត់រួមទាំងមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
នៅក្នុងព្រៃការពារដោយបរិស្ថាននោះដែរក៏មានមន្ត្រីបរិស្ថានប្រចាំការនៅទីនោះដែរ តែដោយសារតែមានការគុបគិតគ្នាទើបអាចមានអ្នកចូលកាប់អារច្រៀកឈើឡាំងបួនជ្រុងរហូតឈានដល់មេឈ្មួញដុះស្លែឈ្មោះផៃ ទី ធ្វើការដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូននាពេលកន្លងមកនោះ៕

ដោយ៖ ជីវ័ន្ត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច