ខេត្តសៀមរាប ៖ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំសោភ័ណភាពតាមដងស្ទឹងសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងនេះ។
ជាមួយគ្នានេះ លោក ក៏បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវរៀបចំសោភ័ណភាពដោយរៀបចំលម្អភ្លើង បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងស្ទឹងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
មួយវិញទៀត ចំពោះការងារសណ្តាប់ធ្នាប់ លោក ក៏បានណែនាំបន្ថែមដល់ក្រុមការងារត្រូវរៀបចំបងប្អូនលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ជូនបងប្អូនលក់ដូរតាមរទេះ ដែលកំពុងប្រកបមុខរបបប្រចាំថ្ងៃ។
លោក ក៏បានបញ្ជាក់ផងដែរ ចំពោះចំណីអាហារដែលបានលក់ដូរ សូមយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យ និងរក្សាគុណភាពអនាម័យឱ្យបានល្អចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនយើងដែលទទួលទាន ពិសេសភ្ញៀវទេសចរបរទេស។ ម្យ៉ាងទៀត យើងគួរផ្សព្វផ្សាយអំពីសុវត្តិភាពចំណីអាហារដល់បងប្អូនលក់ដូរដោយត្រូវគិតគូខ្ពស់ចំពោះសុវត្តិភាព និងសុខភាពអ្នកទទួលទានអាហាររបស់ពួកគាត់៕

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច