ខេត្តកណ្តាល៖ នគរបាលកណ្ដាលស្ទឹងបានឱ្យដឹងអំពីករណីលួចមានស្ថានទម្ងន់ទោសដោយស្ទាក់ប្លន់យកម៉ូតូនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩ និង ២៦នាទីនៅចំណុចភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលត្រូវសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៦។
ជនរងគ្រោះឈ្មោះ ប្រុក គន្ធា ភេទស្រី អាយុ ៤២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង មុខរបរកម្មកររោងចក្រ។ ចំណែកជនសង្ស័យឈ្មោះ ជ័យ សិលា ភេទ ប្រុស អាយុ៣២ ឆ្នាំ បច្ចប្បន្នរស់នៅភូមិទ្រា ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខ របរ ជាងម៉ាស៊ីនត្រជាក់(ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
វត្ថុតាងចាប់យករួមមាន ៖
ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOPPY ស៊េរីឆ្នាំ២០២៥ ពណ៍ ខ្មៅ ពាក់ស្លាកលេខ 1MC-7005 (ម៉ូតូរបស់ជនរងគ្រោះ)។
ប្រភពឱ្យដឹងថា កន្លងមកជនសង្ស័យនិងជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយ អស់រយៈពេល០៥ឆ្នាំ ចាប់ពីខែមិថុនា ក្នុងឆ្នាំ ២០២១ ហើយបានមករស់នៅជាមួយខាងក្រុមគ្រួសាររបស់ជនសង្ស័យ មានទីតាំងស្ថិតក្នុងភូមិ ទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ។ បន្ទាប់ មកក្នុងខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានពឹងឲ្យក្មួយប្រុសឈ្មោះ ឈិន ស៊ីថន ឈរឈ្មោះដើម្បីបង់រំលោះម៉ូតូ១ គ្រឿងម៉ាកHONDA SCOOPY ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ1MC-7005 ហើយជនរងគ្រោះក៏មិនទាន់បានប្រាប់ជនសង្ស័យនោះដែរ។
ពេលបង់រំលោះម៉ូតូរួចជនរងគ្រោះ បានជិះម៉ូតូខាងលើមកផ្ទះរបស់ជនសង្ស័យ ហើយលុយបង់រំលោះម៉ូតូនោះគឺជនរងគ្រោះជាអ្នកបង់។ លុះមកដល់អំឡុងខែកក្កដាឆ្នាំ២០២៦ ជនរងគ្រោះនិងជនសង្ស័យបានមានទំនាស់និងគ្នាឈានដល់បែកបាក់គ្នាចែកផ្លូវគ្នា ជនរងគ្រោះក៏ជិះម៉ូតូរបស់ខ្លួនខាងលើទៅបន្ទប់ស្នាក់នៅជាមួយម្ដាយ មីងនៅខេត្តតាកែវ។
ក្រោយមកក្នុងខែកញ្ញាឆ្នាំ ២០២៦ជនរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត ឈ្មោះប៉ក់ សារី និងបានសែនព្រេនដោយមានចាស់ទុំដឹងឮ រួចបាននាំគ្នារស់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ។ លុះរហូតដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ០៨:៤០នាទី ជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ជិះចេញពីផ្ទះដើម្បីទៅទិញម្ហូបនៅម្តុំផ្សារព្រៃទទឹង។ ពេលទិញរួចជនសង្ស័យបានជិះម៉ូតូខាងលើត្រឡប់ទៅផ្ទះវិញ ដោយជិះតាមផ្លូវបេតុង ។
បន្ទាប់មកនៅវេលាម៉ោង០៩:២៦នាទី នាថ្ងៃដដែល ពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចមុខក្លោងទ្វារវត្តភ្នំចក ស្ថិតក្នុងភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានជួបនិងបុរស០២នាក់ដែលម្នាក់មានឈ្មោះប៉ក់ សារី ជាប្ដីរបស់ជនរងគ្រោះ និងម្នាក់ ទៀតមិនស្គាល់ ជិះបញ្ច្រាស់ទិសគ្នាដែលជាម៉ូតូរបស់ជនរងគ្រោះ។ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូបត់តាមនិងកាក់ពីមុខ រួចបានឃាត់និងនិយាយថា ហ្អែងមកយកប្រពន្ធអញហើយថែមទាំងយកម៉ូតូអញទៀត និងបានស្រែកដាក់ឈ្មោះប៉ក់ សារីថាយកកូនសោ មកឱ្យខ្លួនរួចឈ្មោះប៉ក់ សារី បានយកសោរម៉ូតូពីចង្កេះហុចទៅឲ្យជនសង្ស័យ រួចជនសង្ស័យបានទូរសព្ទទៅបង ប្រុសដើម្បីមកយកម៉ូតូ,ជិះចេញទៅបាត់ទៅ ហើយឈ្មោះប៉ក់ សារី បានទូរសព្ទទៅប្រាប់ជនរងគ្រោះអំពីរឿងហេតុខាងលើ ។
បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី។ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុតែជនសង្ស័យបានគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងស្វា ភូមិទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរ។ តាមចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូមកកាក់ម៉ូតូរបស់ជនរងគ្រោះខាងលើដែលឈ្មោះប៉ក់ សារីកំពុងជិះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច