ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១០:០០នាទីព្រឹកនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (ប្រើបំពង់ដែកទីបប្រវែងប្រហែល ០៩តឹក មកធ្វើសកម្មភាពវាយទៅលើជនរងគ្រោះចំនួន០៣ទីប ចំក្បាលបណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៣៩ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កើតហេតុនៅវេលាម៉ោងប្រមាណ ០៩:៣០នាទីព្រឹកថ្ងៃ- ខែដដែល ។
ជនសង្ស័យឈ្មោះ នុន គាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសបន្លែក្នុងផ្សារនាគមាស ស្នាក់នៅ បន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៥១ ក្រុមទី៤២ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីកន្លែងកំណើតឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកមាន :
– ទូរស័ព្ទដៃម៉ាក OPPO A9 ពណ៌ខៀវ ប្រើស៊ីមលេខ : ០១៥ ៦២៩ ៣១០
– ទូរស័ព្ទដៃម៉ាក IPhone 7 ពណ៌ខ្មៅ គ្មានស៊ីម (ជារបស់ជនសង្ស័យ)
– បំពង់ដែកទីបប្រវែងប្រហែល០៩តឹក (ជារបស់ជនសង្ស័យបានយកមកធ្វើសកម្មភាពវាយក្បាលជនរងគ្រោះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅពេលកើតហេតុ) ។
ជនរងគ្រោះឈ្មោះ ឡេន ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបើករ៉ឺម៉កដឹកបន្លែក្នុងផ្សារនាគមាស ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច