ខេត្តឧត្តរមានជ័យ ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ៖ ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារក្រីក្រដែលទទួលបានផលពីគម្រោងសម្បទានដីសង្គមកិច្ច (LASED III) ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងផ្តល់ដី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋដោយផ្ទាល់។
គួរបញ្ជាក់ថា នៅទីនេះ ប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១០៧៧គ្រួសារ ដោយ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២គ្រួសារ និង គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និង គ្រួសារកងកម្លាំង ចំនួន ១៦៣គ្រួសារ ស្មើនឹង ៤ ២៤៣នាក់ (កុមារ ១៣២១នាក់)។
វត្តមាន និងការយកចិត្តទុកដាក់ស្តែងចេញតាមរយៈសកម្មភាពជាក់ស្តែងរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការមិនបោះបង់ចោលប្រជាពលរដ្ឋ និងបាននាំមកនូវកាយវិការកក់ក្តៅ ព្រមទាំងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្រជាពលរដ្ឋ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច