ព័ត៌មានទាន់ហេតុការណ៍៖

អាសន្នភ័យរន្ធត់! អាមេរិកដាក់ចេញយុទ្ធសាស្ត្រ «FORTRESS» ត្រៀមខ្លួនសម្រាប់សង្គ្រាមទំហំធំ

ចែករំលែក៖

ចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលកំពុងតានតឹងឡើងៗ សហរដ្ឋអាមេរិកបានចាប់ផ្តើមវិធានការការពារខ្លួនយ៉ាងតឹងរឹង ដោយសារបារម្ភពីការផ្ទុះឡើងនៃជម្លោះទ្រង់ទ្រាយធំ។ នេះបើយោងតាមការទម្លាយពីបណ្តាញទូរទស្សន៍ Fox News។

កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងសង្គ្រាមអាមេរិក បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រការពារជាតិថ្មីក្រោមឈ្មោះ «FORTRESS» ដែលមានគោលដៅធានាឱ្យមូលដ្ឋានយោធាធំៗទាំងអស់អាចឈរជើង និងដំណើរការដោយឯករាជ្យបានយ៉ាងពេញលេញរយៈពេលយ៉ាងតិច ៩០ថ្ងៃ។

ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានផ្ដើមគំនិតដោយរដ្ឋមន្ត្រីសង្គ្រាម លោក Pete Hegseth តាំងពីថ្ងៃទី៣០ ខែកញ្ញា មកម្ល៉េះ ដើម្បីទប់ទល់នឹងសេណារីយ៉ូដែលសត្រូវអាចវាយប្រហារបំផ្លាញបណ្តាញអគ្គិសនីជាតិ ប្រព័ន្ធទឹក ឬបង្កការកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់សកល។ យោងតាមលោក Hegseth ក្នុងសង្គ្រាមសម័យទំនើប គូប្រកួតប្រជែងនឹងតម្រង់គោលដៅវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលធ្វើឱ្យយោធាមិនអាចពឹងផ្អែកលើប្រព័ន្ធស៊ីវិលទៀតឡើយ។

យោងតាមឯកសារផែនការ យុទ្ធសាស្ត្រ «FORTRESS» នេះ ត្រូវបានបង្កើតឡើងផ្អែកលើសសរស្តម្ភសំខាន់ៗចំនួន ៥ រួមមាន៖

១. ឯករាជ្យភាពថាមពល៖ បំពាក់បណ្តាញអគ្គិសនីខ្នាតតូច, ប្រព័ន្ធស្តុកថាមពលអាគុយធំៗ និងរ៉េអាទ័រនុយក្លេអ្យែរចល័ត ដើម្បីឱ្យមូលដ្ឋានទ័ពអាចផ្តាច់ខ្លួនចេញពីប្រព័ន្ធអគ្គិសនីស៊ីវិលទាំងស្រុង។

២. ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់៖ បង្កើតប្រព័ន្ធផលិតកម្ម និងការផ្គត់ផ្គង់ដាច់ដោយឡែកពីគ្នា សម្រាប់រាល់សមាសធាតុការពារជាតិសំខាន់ៗ។

៣. ទុនបម្រុងការពារជាតិយុទ្ធសាស្ត្រ៖ ស្តុកទុកធនធានឯករាជ្យយ៉ាងសន្ធឹកសន្ធាប់ ដូចជាគ្រាប់រំសេវ ប្រេងឥន្ធនៈ រ៉ែសំខាន់ៗ និងសម្ភារវេជ្ជសាស្ត្រ។

៤. ការកៀរគរឧស្សាហកម្មសម័យសង្គ្រាម៖ បម្លែងរោងចក្រពាណិជ្ជកម្មស៊ីវិល (ឧទាហរណ៍ ក្រុមហ៊ុនរថយន្តធំៗ) ឱ្យក្លាយជាកន្លែងផលិតគ្រឿងយោធានៅពេលមានអាសន្ន។

៥. សន្តិសុខអវកាស អ៊ីនធឺណិត និងវិសាលគម៖ អភិវឌ្ឍបច្ចេកវិទ្យាតបត ដើម្បីការពារខ្សែទំនាក់ទំនង និងប្រព័ន្ធនាំផ្លូវ ទោះបីមានការកាត់ផ្ដាច់សញ្ញា GPS ក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ផែនការទ្រង់ទ្រាយធំនេះ គឺជាវិធានការបង្ការក្នុងករណីដែលអាមេរិកគ្មានជម្រើសផ្សេងទៀតប៉ុណ្ណោះ ខណៈដែលស្ថានភាពសន្តិសុខពិភពលោក និងតំបន់មជ្ឈិមបូព៌ា កំពុងស្ថិតនៅលើរបត់ដ៏ក្តៅគគុក។

ប្រភព៖ Fox News


ចែករំលែក៖