ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវនឹងទទួលបានកាដូពីរាជរដ្ឋាភិបាល គម្រោងរំដោះទឹកជំនន់, ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងគម្រោងបិទបើកទ្វារទឹកជាច្រើនកន្លែងទៀត 

ចែករំលែក៖

ភ្នំពេញ៖  លោក ឯក ឃុនដឿន បានបញ្ជាក់ថា អ្នករស់នៅខណ្ឌឬស្សីកែវ មានសំណាងទទួលបានកាដូពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កាដូសម្រាប់ខណ្ឌឬស្សីកែវនូវគម្រោងរំដោះទឹកជំនន់, ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩, គម្រោងធ្វើទ្វារទឹកបិទបើកនិងមានគម្រោងជាច្រើនកន្លែងទៀត ក្នុងនោះក៏នៅមានគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនកន្លែង ដូចជាការដាក់លូផ្លូវជាតិលេខ៥ ស្ដារប្រឡាយមេ និងសាងសង់ប្រអប់លូជាដើម ។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ  នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ខណៈលោកតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានីតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ការអភិវឌ្ឍត្រូវការធ្វើតាមដំណាក់កាល និងជាជំហានៗ ពោលកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រំកិលម្តងមួយឆ្នាំៗ ជាបន្តបន្ទាប់ និងដោះស្រាយបញ្ហាជូនបងប្អូនអ្នកឬស្សីកែវកាន់តែប្រសើរ ។ ទាក់ទងទៅនឹងកាដូដែលនឹងផ្ដល់ជូនសម្រាប់ខណ្ឌឫស្សីកែវអាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ឬ២០២៨ ដែលជាគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ប៉ែកខាងជើង ដោយសារលោកទទួល បានការចង្អុលបង្ហាញពីលោក  ឃួង ស្រេង ឱ្យសម្របសម្រួលជាមួយ AFD រៀបចំសិក្សានិងព្រាងជា MOU ដែលត្រូវរៀបចំដាក់ជូនក្នុងកម្មវិធីប្រជុំប្រទេសនិយាយភាសាបារាំង ជាមួយប្រធានាធិបតីម៉ាក្រុង ដែលត្រូវចុះហត្ថលេខាទទួលកម្ចីប្រហែល ១០០លានអឺរ៉ូ សម្រាប់រៀបចំប្រ
ព័ន្ធទឹកកខ្វក់នៅក្នុងខណ្ឌឫស្សីកែវទាំងមូល ។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើនៅខណ្ឌព្រែកព្នៅ ក៏ប៉ុន្តែប្រព័ន្ធលូដែលត្រូវរៀប គឺស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលប្រមាណជា៧០ភាគរយ ដែលត្រូវរៀបចំប្រព័ន្ធលូចេញពីផ្ទះប្រជាពលរដ្ឋ បន្តទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅព្រែកព្នៅតែម្តង។ ខណៈប្រឡាយពោងពាយ, ប្រឡាយអូរវែង, ប្រឡាយបាក់ទូក នឹងរៀបចំជាផ្ទៃបៃតង ជីវចម្រុះ ដើម្បីឱ្យមានការប្រព្រឹត្តិកម្មតាមបែបធម្មជាតិ ដែលអាចចំណាយថវិកាខ្ទង់ប្រហែល ១០ភាគរយ ។

លោកបានបន្ដថា គម្រោងខាងលើនេះ នឹងត្រូវចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខនេះ ហើយនឹងចាប់ផ្តើមចុះសិក្សាលម្អិតនៅឆ្នាំ២០២៧ និងអនុវត្តគម្រោងខ្ទង់ឆ្នាំ២០២៨ខាងមុខ ។

ដោយឡែកសម្រាប់សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ មានប្រជាពលរដ្ឋ៧នាក់លើកសំណើចំនួន១០និងសរសេរជាលាយលក្ខណ៍អក្សរចំនួន៣៧ច្បាប់ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះ ត្រូវបានលោកអភិបាលរង តំណាង លោក ឃួង ស្រេង បានធ្វើការបញ្ជាក់ និងដោះស្រាយជូន ព្រមទាំងបានជំរុញឱ្យរដ្ឋបាលខណ្ឌឬស្សីកែវ ចុះពិនិត្យជាក់ស្តែងតាមការស្នើសុំរបស់ពលរដ្ឋ លើសំណើនីមួយៗផងដែរ ៕

ដោយ៖សំរិត


ចែករំលែក៖