ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ គណៈកម្មការជំរឿន ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំរឿន បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំឯកសារ និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីនគរបាលជាតិ ដោយមានការអញ្ជេីញចូលរួមពី លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អនុប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរងនគរបាលជាតិ អគ្គលេខាធិការរងនៃ អ.ជ.ប.គ.ញ. ប្រធាន – អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ- អនុប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តមលោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ផងដែរ។
លោក សន្តិបណ្ឌិត រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ ចំពោះ លោក លោកស្រី អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងសមាជិក សមាជិកានៃអង្គប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ក្នុងនាមជាប្រធាន គណៈកម្មការជំរឿន ឯកឧត្តម បានកោតសរសើរដោយស្មោះចំពោះ លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានទី២គណៈកម្មការជំរឿន លោក នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំរឿន ព្រមទាំងលោក លោកស្រី អគ្គនាយក និងប្រធានអង្គភាពនគរបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំឯកសារជំរឿនរបស់អង្គភាពខ្លួន និងបានផ្តល់មកអនុគណៈកម្មការរៀបចំឯកសារ និងបូកសរុបបានទាន់ពេលវេលាស្របតាមគោលការណ៍ដែលបានកំណត់។
លោក បានគូសបញ្ជាក់រំលឹកឡើងវិញជូនអង្គប្រជុំជ្រាបថា ការងារជំរឿនមន្ត្រីនគរបាលជាតិកម្ពុជាចាប់ផ្តើមអនុវត្ត ពីខែឧសភា ឆ្នាំ២០២៦ រហូតដល់ខែមីនា ឆ្នាំ២០២៧ ដោយអនុវត្តជា ៣ដំណាក់កាលដូចខាងក្រោម៖ ដំណាក់កាលទី១៖ ការរៀបចំឯកសារជំរឿន ការបង្កើតប្រព័ន្ធបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនគរបាលជាតិ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនគរបាលជាតិក្នុងប្រព័ន្ធបច្ចេកវិទ្យា។ ដំណាក់កាលទី២៖ ការចុះធ្វើជំរឿនជាក់ស្តែងនៅអង្គភាពនគរបាលថ្នាក់ក្រសួង និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ ដំណាក់កាលទី៣៖ ការបូកសរុបរបាយការណ៍លទ្ធផលជំរឿនទូទាំងប្រទេសនឹងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧។
លោក បានបញ្ជាក់បន្ថែមផងដែរថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការ រៀបចំឯកសារ និងការផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីនគរបាលជាតិ តាមប្រព័ន្ធបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនគរបាលជាតិ និងមតិចូលរួមពីលោក លោកស្រី និងសមាជិក សមាជិកានៃអង្គប្រជុំលើកឡើងអំពីបញ្ហាប្រឈម និង សំណូមពរនានាដើម្បីមានមូលដ្ឋានគោរពរាយការណ៍ជូន ថ្នាក់ដឹកនាំ ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច