ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី

ចែករំលែក៖

ភ្នំពេញ៖ ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលជាសមាសភាពនៃក្រុមការងារទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌។

សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវីនេះ ត្រូវបានរៀបចំឡើង ដោយផ្អែកតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្ដិកៈមេធាវី ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០២៦/០១៩ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដែល បង្កើត ឱ្យ មាន សាលា វិជ្ជាជីវៈ មេធាវី និងដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត ក៏ដូចជា ធ្វើ បច្ចុប្បន្ន ភាពលើអនុក្រឹត្យ លេខ ១៣០ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៨ ស្ដីពី ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី នឹង ត្រូវ ជំនួស ដោយ សាលា វិជ្ជាជីវៈ មេធាវី នេះ។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពលើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានផ្ដល់យោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត៕

ដោយ ៖ សិលា


ចែករំលែក៖