ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លេខាធិការដ្ឋានអាស៊ាន ក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងប្រទេសស្វីស ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃ 

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាមានកិត្តិយស និងមោទកភាពយ៉ាងក្រៃលែងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ ដែលបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកជំនាញវិជ្ជាជីវៈសារព័ត៌មាន អ្នកស្រាវជ្រាវ តំណាងសង្គមស៊ីវិល និងដៃគូក្នុងវិស័យបច្ចេកវិទ្យា។ ការជួបជុំគ្នានាពេលនេះ ឆ្លុះបញ្ចាំងពីការយល់ដឹង និងការទទួលស្គាល់រួមគ្នាថា បរិយាកាសព័ត៌មានដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់សុខុមាលភាពរបស់ប្រជាជន ភាពស្អិតរមួតនៃសង្គម និងការបន្តអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយចីរភាព។ នេះជាលើកឡើងពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ៖ ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លេខាធិការដ្ឋានអាស៊ាន ក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងប្រទេសស្វីស ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃ ធ្វើឱ្យសន្និសីទនេះអាចប្រព្រឹត្តទៅបាន។

ខ្ញុំក៏សូមថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ដែលបានបន្តផ្តល់ការគាំទ្រតាមរយៈលេខាធិការដ្ឋានអាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសូមថ្លែងអំណរគុណចំពោះវាគ្មិន ដៃគូសហការ និងសមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញឯកទេស ដើម្បីរួមចំណែកធ្វើឱ្យកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈក្នុងសន្និសីទនេះកាន់តែមានខ្លឹមសារ និងផ្លែផ្កា។ រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ៕

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន


ចែករំលែក៖