ព័ត៌មានទាន់ហេតុការណ៍៖

«ស្រុកយើង បើភ្លើងមិនទាន់ឆេះគូទ មិនងើបពីកៅអីទេ!»

ចែករំលែក៖

ប៉ុន្មានថ្ងៃមកនេះ មានបងប្អូនកូនក្មួយមួយចំនួនមកពីជំរំមួយ រួមទាំងមេជំរំ និងមេតំបន់ផង បានជេរបញ្ចោរ និងប្រើប្រាស់ពាក្យសម្ដីយ៉ាងអសីលធម៌បំផុតមកលើខ្ញុំ រហូតដល់ប្រមាថឪពុកម្ដាយខ្ញុំទៀតផង។ ពួកគេមិនត្រឹមតែបង្ហោះសារជេរប្រមាថនៅលើបណ្ដាញសង្គមរបស់ពួកគេផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលមកបញ្ចេញពាក្យពេចន៍ជេរបញ្ចោរ និងចែករំលែកសារទាំងនោះនៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំទៀតផង។

ខ្ញុំគ្មានពេលចេញសារតបតឬបញ្ចេញយោបល់ឆ្លើយឆ្លងជាមួយពួកគេទេ ហើយក៏មិនដឹងថា ការឆ្លើយឆ្លងបែបនេះអាចនាំមកនូវប្រយោជន៍អ្វីដែរ។ ដើមចមដែលធ្វើឱ្យពួកគេរោលរាលនិងប្រើពាក្យសម្ដីអសីលធម៌ទាំងនេះ គឺសារថ្មីៗរបស់ខ្ញុំដែលនិយាយអំពីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលត្រូវបានអ៊ំប្រុសរបស់នាងលួចនាំយកទៅរស់នៅក្នុងជំរំនោះ ដោយគ្មានការអនុញ្ញាតពីម្ដាយរបស់នាង។

ក្មេងស្រីនេះមានជីវិតកម្សត់ណាស់។ នៅពេលនាងនៅក្នុងផ្ទៃម្ដាយ ឪពុករបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញការងារនៅខេត្ត ហើយធ្លាក់ខ្លួនក្នុងស្ថានភាពមនុស្សរុក្ខជាតិ។ គាត់បានត្រឹមតែបើកភ្នែកភ្លឹះៗ សម្លឹងមើលកូនស្រីដោយទឹកភ្នែកហូរ។ គាត់បានរស់នៅក្នុងស្ថានភាពមនុស្សរុក្ខជាតិអស់រយៈពេល៤ឆ្នាំ មុននឹងលាចាកលោក ដោយបន្សល់ទុកកូនស្រីតូច និងភរិយា នៅឆ្នាំ២០១៨។ ឪពុករបស់ក្មេងស្រីដ៏កម្សត់នេះ គឺជាមន្ត្រីរបស់ខ្ញុំផ្ទាល់។

ក្រោយពេលកូនស្រីត្រូវបាននាំយកទៅរស់នៅក្នុងជំរំ ម្ដាយរបស់នាងបានខិតខំស្វះស្វែងរកអន្តរាគមន៍ពីគ្រប់ច្រកល្ហក ដើម្បីបានកូនត្រឡប់មកវិញ។ ប៉ុន្តែការស្វែងរកដំណោះស្រាយហាក់ដូចជាវិលវល់មិនចេះចប់។ ទៅខេត្ត «ក» គេឱ្យទៅខេត្ត «ខ»។ ទៅខេត្ត «ខ» គេឱ្យទៅស្រុក «ក»។ ទៅស្រុក «ក» គេឱ្យទៅស្រុក «ខ»។ ដំណើររត់រកអន្តរាគមន៍ដ៏អស់សង្ឃឹមបែបនេះ បានធ្វើឱ្យម្ដាយក្មេងស្រីដ៏កម្សត់នេះដាច់ចិត្តទម្លាយរឿងនេះទៅអ្នកសារព័ត៌មាន។

ខ្ញុំសូមអរគុណបងប្អូនអ្នកសារព័ត៌មានដែលបានជួយផ្សព្វផ្សាយព័ត៌មានរបស់ក្មេងស្រីនេះ ប៉ុន្តែសូមបងប្អូនផ្សព្វផ្សាយដោយផ្អែកលើការពិត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ សូមកុំបញ្ចេញបញ្ចូលឬបន្ថែមបន្ថយដែលនាំឱ្យមានការបកស្រាយខុសពីគោលបំណងដើមរបស់ប្រភព។ សូម្បីតែសាររបស់ខ្ញុំ ក៏មានបងប្អូនអ្នកសារព័ត៌មានមួយចំនួន យកទៅបញ្ចេញបញ្ចូលនិងថែមថយខុសសំណេរដើមដែរ។

នៅក្នុងសាររបស់ខ្ញុំ ខ្ញុំមិនដែលបញ្ចេញឈ្មោះជំរំរបស់ពួកគេទេ កុំថាឡើយដល់ការបញ្ចេញឈ្មោះរបស់បុគ្គលណាម្នាក់ក្នុងចំណោមពួកគេ។ មូលហេតុដែលខ្ញុំចាំបាច់ត្រូវលើកឡើងពីរឿងក្មេងស្រីនេះ គឺដោយសារខ្ញុំអាណិតអាសូរក្មេងម្នាក់ដែលមិនទាន់ដឹងក្ដី ហើយត្រូវបានគេនាំយកទៅរស់នៅក្នុងជំរំមួយ ដែលតាមព័ត៌មានដែលខ្ញុំទទួលបាន មិនមានការអប់រំផ្លូវការ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈពិតប្រាកដ។

នៅពេលនេះ ពួកគេអាចគិតថា ការរស់នៅបែបនោះមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែ តើពួកគេធ្លាប់គិតដែរឬទេថា នៅពេលអស់ពីមេជំរំបច្ចុប្បន្នទៅ តើអនាគតរបស់ក្មេងៗដែលរស់នៅក្នុងជំរំនោះនឹងទៅជាយ៉ាងណា? តើពួកគេនឹងមានចំណេះដឹង ជំនាញ និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រកបការងារ ឬមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯងដែរឬទេ? ការចិញ្ចឹមក្មេងឱ្យរស់នៅបានក្នុងថ្ងៃនេះ មិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើយើងមិនបានរៀបចំឱ្យពួកគេអាចរស់នៅដោយខ្លួនឯងនៅថ្ងៃអនាគត។

ខ្ញុំមិនមែនជាអ្នកគិតជំនួសបងប្អូនទាំងនោះទេ។ ខ្ញុំមិនចាប់អារម្មណ៍នឹងការប្រមូលផ្ដុំមនុស្សរបស់ពួកគេទេ ព្រោះខ្ញុំមិនមែនជាអ្នកនយោបាយ។ ខ្ញុំក៏មិនចាប់អារម្មណ៍នឹងមនោគមបែបសាសនារបស់ពួកគេដែរ ព្រោះខ្ញុំមិនមែនជាម្ចាស់និកាយសាសនាណាមួយឡើយ។ ខ្ញុំគោរពសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការជ្រើសរើសជំនឿ និងរបៀបរស់នៅរបស់ខ្លួន ដរាបណាការជ្រើសរើសនោះមិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ ជាពិសេសសិទ្ធិរបស់កុមារ។

ប៉ុន្តែ អ្វីដែលខ្ញុំបារម្ភបំផុត គឺការចាត់ទុកការជេរបញ្ចោរ ការប្រមាថ និងការប្រើប្រាស់ពាក្យសម្ដីអសីលធម៌ជាមាគ៌ានៃការអប់រំ។ បើមនុស្សពេញវ័យយកការជេរប្រមាថធ្វើជាគំរូ តើយើងអាចរំពឹងឱ្យក្មេងៗដែលស្ថិតក្រោមការអប់រំរបស់ពួកគេ ក្លាយជាមនុស្សមានសីលធម៌ និងការគោរពអ្នកដទៃបានយ៉ាងដូចម្ដេច?

សម្រាប់ខ្ញុំ បញ្ហានេះមិនមែនជារឿងជម្លោះពាក្យសម្ដីរវាងបុគ្គល និងបុគ្គលឡើយ ប៉ុន្តែជាបញ្ហាពាក់ព័ន្ធនឹងសិទ្ធិកុមារ ការអប់រំ សីលធម៌សង្គម និងអនាគតរបស់ក្មេងៗ។ ដូច្នេះ វាជាបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ និងការដោះស្រាយពីស្ថាប័នរដ្ឋមានសមត្ថកិច្ច ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។

ខ្ញុំមិនចង់ឈ្នះការជេរប្រមាថរបស់នរណាម្នាក់ទេ។ អ្វីដែលខ្ញុំចង់ឃើញ គឺកុមារទទួលបានការការពារ ការអប់រំ និងអនាគតដ៏សមរម្យ។ ព្រោះអនាគតរបស់កុមារ មិនគួរត្រូវបានយកទៅប្រថុយនឹងជំនឿ ឬការសម្រេចចិត្តរបស់មនុស្សពេញវ័យឡើយ៕

ដោយ ៖ លោកបណ្ឌិត គិន ភា ៥ វិច្ឆិកា ២០២៦


ចែករំលែក៖