ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខេត្តស្វាយរៀង កំណត់មុខសញ្ញាទីតាំងលួចធ្វើសកម្មភាពឆបោកតាមអនឡាញ (Online Scams) ៣កន្លែង សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ១៩នាក់ (ស្រី ៥នាក់)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បាន កំណត់មុខសញ្ញាចុះបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៣កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងភូមិតាបិប ភូមិបាវិតកណ្តាល និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ១៩នាក់ (ស្រី ៥នាក់) និងដកហូតសម្ភារៈបច្ចេកវិទ្យា រួមទាំងរថយន្តមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងតាមបទបញ្ជារបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់អោយលោក ម៉ែន អេង អភិបាលរងខេត្ត និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង ក្នុងនោះក៏មានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត, លោក អភិបាលរងក្រុងបាវិត,  កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងកម្លាំងបង្ការបង្ក្រាបបទល្មើសផ្សេងៗជាច្រើននាក់ទៀត។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យ និងដកហូតវត្ថុតាងទាំង ៣ទីតាំង រួមមាន៖ទីតាំងទី១ (ផ្ទះជួលរបស់លោកស្រី សុខ ចន្ធូ)៖ រកឃើញជនបរទេស ៤នាក់ (ជនជាតិចិនប្រុស ៣នាក់ និងស្ត្រីជនជាតិវៀតណាមមានផ្ទៃពោះ ១នាក់)។ វត្ថុតាងដកហូតរួមមាន៖ លិខិតឆ្លងដែន ៤ក្បាល, iPad ១គ្រឿង, ទូរសព្ទដៃចម្រុះ ៣គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ៨គ្រឿង, ដុំ Wifi ២គ្រឿង និងរថយន្តពណ៌ស ២គ្រឿង (ម៉ាក TOYOTA ALPHARD ផ្លាកលេខ ភ្នំពេញ 2CK-6955 និងម៉ាក TOYOTA PRIUS ផ្លាកលេខ ភ្នំពេញ 2BM-5674)។

ទីតាំងទី២ (ផ្ទះជួលរបស់លោក សន សម្បត្តិ)៖ រកឃើញជនជាតិវៀតណាម ៦នាក់ (ស្រី ៣នាក់) និងដកហូតបានលិខិតឆ្លងដែន ២ក្បាល, ទូរសព្ទដៃចម្រុះ ២៥គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ៦គ្រឿង និងដុំ Wifi ២គ្រឿង។

ទីតាំងទី៣ (ផ្ទះលេខ G10 បុរី CK របស់លោកស្រី ម៉ី វណ្ណា)៖ រកឃើញជនជាតិវៀតណាម ៩នាក់ (ស្រី ១នាក់) និងដកហូតបានលិខិតឆ្លងដែន ៣ក្បាល, កុំព្យូទ័រយួរដៃ ១គ្រឿង, ថេប្លេត (Tablet) ១គ្រឿង, ទូរសព្ទដៃចម្រុះ ៧០គ្រឿង និងទូរសព្ទដៃផ្ទាល់ខ្លួន ៨គ្រឿង។

តាមរយៈការត្រួតពិនិត្យបឋមលើប្រព័ន្ធតេឡេក្រាម (Telegram) ក្នុងទូរសព្ទដៃរបស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញតម្រុយជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រុមទាំង ៣ទីតាំងនេះមានទំនាក់ទំនងជាបក្សពួកតែមួយ។

បច្ចុប្បន្នទីតាំងទាំង ៣ខាងលើត្រូវបានសមត្ថកិច្ចបិទសៀល (Seal) ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖