ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រែកឡូឡារាល់ថ្ងៃអត់ដេកពួន លុះស្ងាត់មាត់ ស្រាប់តែព្រឹកឡើងអ្នកភូមិប្រទះឃើញស្លាប់ក្បែរពាង ទឹកក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានប្រើប្រាស់ថ្នាំញៀន និងផឹកស្រាស្រវឹងខួបស្រែកឡូឡារាល់ថ្ងៃអត់ដេកពួនឡើយ លុះស្ងាត់មាត់លែងឡូឡា ស្រាប់តែព្រឹកឡើងអ្នកភូមិប្រទះឃើញដេកស្លាប់នៅក្បែរពាងទឹកក្នុងផ្ទះរបស់ខ្លួនដោយពុំដឹងមូលហេតុ ។

សាកសពបុរសនោះត្រូវបានអ្នកភូមិប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

អ្នកភូមិតាំងរនាមឱ្យដឹងថា បុរដនោះឈ្មោះយាន ផារី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយបានប្រើប្រាស់ថ្នាំញៀន និងផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតញៀនផ្ដាច់លែងបាន ។ កន្លងមកក្រុមគ្រួសារធ្លាប់បានយកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន២ដងរួចមកហើយដែរ ប៉ុន្តែនៅតែមិនអាចផ្ដាច់បានឡើយ ពេលចេញមកវិញនៅតែដដែល ។

អ្នកភូមិខាងលើបាននិយាយបន្តទៀតថា ក្រៅពីញៀនថ្នាំ បុរសនោះបានផឹកស្រវឹងខួបរាល់ថ្ងៃ ហើយបានរករឿងអុកឡុកម្ដាយនិងជីដូន ជាហេតុធ្វើឲ្យពួកគាត់មិនអាចនៅផ្ទះបាន ក៏នាំគ្នារត់ទៅស្នាក់នៅក្នុងវត្តតាំងរនាមបាត់ទៅ ដោយទុកឲ្យបុរសនោះរស់នៅក្នុងផ្ទះម្នាក់ឯង ។ ដោយឡែកនៅវេលាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពេលផឹកស្រាស្រវឹង បុរសនេះបានស្រែកឡូឡាតាំងពីព្រលប់ រហូតដល់វេលាម៉ោងជាង១១យប់ថ្ងៃដដែលទើបស្ងាត់មាត់ ។

ប្រភពដដែលបានប្រាប់ទៀតថា ពេលនោះពុំមាននរណាបានដឹងថាបុរសនោះមានរឿងអ្វីឡើយ ដោយស្មានថា ក្រោយឈប់ស្រែកឡូឡាដេកលក់ដូចរាល់ដង លុះដល់ព្រឹកឡើងមិនបានឮមាត់ ឬក៏ឃើញបុរសនោះដូចរាល់ថ្ងៃ អ្នកជិតខាងសង្ស័យក៏បានចូលទៅមើល ។ ខណៈនោះស្រាប់តែឃើញបុរសនេះដេកស្លាប់ក្បែរពាងទឹកបាត់ទៅហើយ ដោយពុំដឹងថា ស្លាប់តាំងពីពេលណានិងបណ្ដាលមកពីមូលហេតុអ្វីទេ ហើយអ្នកជិតខាងក៏រាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្ដង ។

ក្រោយពេលទទួលបានដំណឹងនោះ នគរបាលប៉ុស្តិ៍ប្រទះឡាង និងនគរបាលខណ្ឌកំបូល បានចុះទៅពិនិត្យមើល និងចងខ្សែការពារទីតាំងកើតហេតុ រួចរាយការណ៍ជូនកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដើម្បីចុះទៅធ្វើការពិនិត្យនិងកោសល្យវិច័យសាកសពដើម្បីរកមូលហេតុនៃការស្លាប់នោះ ហើយបានរកឃើញថា បុរសខាងលើស្លាប់ដោយគាំងបេះដូង ៕

ដោយ៖ សុរិយា


ចែករំលែក៖