សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្សាយថា ក្រុមអ្នកតវ៉ារាប់សែននាក់ ត្រូវបានគេរំពឹងថា នឹងដើរក្បួនតាមទីក្រុងនានា ក្នុងប្រទេសបារាំង ហើយមន្ត្រីសាធារណៈនឹងធ្វើកូដកម្មនាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីភាពចលាចលអស់រយៈពេលច្រើនសប្តាហ៍ ដែលបានធ្វើឱ្យរង្គោះង្គើរដល់រដ្ឋាភិបាល។
ការប្រមូលផ្តុំដែលអំពាវនាវដោយសហជីពនានា រួមទាំងសហជីព CGT មាននិន្នាការឆ្វេងនិយម និងទទួលបានការគាំទ្រពីក្រុមនិស្សិតនោះ កើតមានឡើងបន្ទាប់ពីមានការតវ៉ាពាក់ព័ន្ធនឹងការកើនឡើងថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃ គុណភាពសេវាសាធារណៈ និងវិស័យអប់រំ។
អាជ្ញាធរបារាំងព្យាយាមកាត់បន្ថយភាពតានតឹង កុំឱ្យដូចថ្ងៃទី១៧ ខែតុលា ដែលមានអំពើកុបកម្ម និងការចូលលួចង ហើយកម្លាំងសន្តិសុខត្រៀមខ្លួនសឹងមិនទាន់។ ហេតុការណ៍នេះបានបន្សល់ទុកនូវហាងលក់ទំនិញ និងអគារសាធារណៈជាច្រើន នៅទូទាំងប្រទេស ឱ្យរងការខូចខាត។ លោកស្រី Maud Bregeon អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «យើងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះយើងមិនអាចអនុញ្ញាតឱ្យហេតុការណ៍ថ្ងៃទី១៧ ខែតុលា កើតឡើងវិញជាដាច់ខាត»។
តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ BFM TV អាជ្ញាធរបារាំងនឹងដាក់ពង្រាយប៉ូលិសប្រមាណ ៧០ ០០០នាក់នៅទូទាំងប្រទេស។ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ក្នុងស្រុកប៉ាន់ស្មានថា នឹងមានមនុស្សចន្លោះពី ៥០០ ០០០ ទៅ ៧០០ ០០០នាក់ ចូលរួមការតវ៉ានៅខាងក្រៅទីក្រុងប៉ារីស។ ក្រសួងអប់រំបានឱ្យដឹងថា គ្រូបង្រៀននៅសាលាបឋមសិក្សាសាធារណៈប្រហែល ១៧,៥ភាគរយ អាចនឹងធ្វើកូដកម្ម ខណៈដែលសហជីពព្រមានថា អាចនឹងមានការរំខានដល់សេវាកម្មផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ។
ក្នុងចំណោមអ្នកដែលរំពឹងថានឹងចូលរួមក្នុងការដើរក្បួននាថ្ងៃព្រហស្បតិ៍នេះ មានសិស្សមួយចំនួនដែលលើកឡើងថា លក្ខខណ្ឌសាលារៀន និងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងអំពីអនាគតរបស់ពួកគេ នៅតែជាកង្វល់ដ៏ចម្បង។ ព្រឹត្តិការណ៍នេះគឺជាការសាកល្បងថ្មីមួយទៀត សម្រាប់លោកប្រធានាធិបតី Emmanuel Macron ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងមកដល់ក្នុងរយៈពេល ៥ខែទៀត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច