នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាឆ្នាំ២០២៣ ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ បន្ថែមលើនេះ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការងារបោសសម្អាតមីន។
ជាការឆ្លើយតប សម្តេចធិបតី បានអបអរសាទរឯកឧត្តម ISHIZUKI Hideo ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា និងមានជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តត្រូវបានពូនជ្រំឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្តេចធិបតី ក៏បានអរគុណជប៉ុន ដែលបានបន្តគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលមន្ត្រីយោយោធាកម្ពុជា កិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN PKO) និងសកម្មភាពបោសសម្អាតមីន។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការគាំទ្រប្រកបដោយភាពបត់បែនរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនវិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុន សំដៅពង្រឹង និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច និងធុរកិច្ច (B2B) មកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហការលើវិស័យសំខាន់ៗមួយចំនួនរួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាបៃតង។
មុននឹងបញ្ចប់ សម្តេចធិបតី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច