ព័ត៌មានទាន់ហេតុការណ៍៖

តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់

ចែករំលែក៖

បាងកក៖ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ និងជាតារាសម្តែងដ៏ល្បីឈ្មោះក្នុងការងារសប្បុរសធម៌ អ្នកនាង ប៊ូម ប៉ាណាត់ដា វង្សភូឌី (Boom Panadda Wongphudee) និងស្វាមី គឺលោក អាធីប អាណាន់តាវ៉ាន់ (Atip Anantawan) ពីបទឆបោកសាធារណជន លាងលុយកខ្វក់ និងបទល្មើសក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod English។

ដីកាចាប់ខ្លួននេះធ្វើឡើងក្រោយពេលប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចថៃ បានស៊ើបអង្កេតករណីសង្ស័យកេងបន្លំប្រាក់បរិច្ចាគរបស់សាធារណជន ដែលរៃអង្គាសតាមរយៈមូលនិធិ «Do Good Organisation Foundation» របស់អ្នកនាង ដោយយកប្រាក់ជំនួយសង្គ្រោះជនរងគ្រោះទៅចំណាយផ្ទាល់ខ្លួន រួមទាំងការទិញវីឡាប្រណីតផងដែរ។ កាលពីថ្ងៃពុធម្សិលមិញ សមត្ថកិច្ចបានបង្កកគណនីធនាគារចំនួន ១៧ ដែលមានទឹកប្រាក់សរុបប្រមាណ ៦០លានបាត និងកំពុងត្រួតពិនិត្យទ្រព្យសម្បត្តិមានតម្លៃជាង ១០០លានបាត រួមមានផ្ទះ ដីធ្លី រថយន្តជាង ២០គ្រឿង អាវុធ ៦ដើម និងកាបូបប្រណីតជាច្រើន។ តាមការត្រួតពិនិត្យ គណនីរៃអង្គាសប្រាក់ចំនួន ៣ របស់មូលនិធិនេះ មានប្រតិបត្តិការផ្ទេរប្រាក់ចូលជាង ១.៨លានដង ពីគណនីធនាគារជាង ៩០០,០០០គណនី។

គួរបញ្ជាក់ថា អ្នកនាង Boom Panadda វ័យ ៥០ឆ្នាំ គឺជាម្ចាស់មកុដបវរកញ្ញាថៃកាលពីឆ្នាំ២០០០ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាងពីរទសវត្សរ៍តាមរយៈសកម្មភាពចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយកាលពីខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលថៃក៏ធ្លាប់តែងតាំងនាងជាអ្នកនាំពាក្យស្ម័គ្រចិត្តនៃក្រុមការងារទទួលបន្ទុកគ្រប់គ្រងភាពតានតឹងតាមព្រំដែនថៃ-កម្ពុជាផងដែរ។ ក្រោយមានដំណឹងចេញដីកាចាប់ខ្លួន នាងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ថៃ Hone Krasae ដោយបានថ្លែងសុំទោសសាធារណជន និងក្រុមប្រឹក្សាភិបាលនៃមូលនិធិ ព្រមទាំងអះអាងថារូបអ្នកនាងគឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះរឿងរ៉ាវដែលកើតឡើង៕

រូបថត: Bangkok Post


ចែករំលែក៖