ក្រុមហ៊ុន Tesla គ្រោងបញ្ឈប់ជាបណ្តើរៗនូវការផលិតរថយន្តភីកអាប់អគ្គិសនី Cybertruck នៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Texas ប្រហែលពាក់កណ្តាលឆ្នាំ ២០២៧។ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Elon Musk កាលពីថ្ងៃសុក្រ បន្ទាប់ពីម៉ូដែលនេះជួបប្រទះការលក់ធ្លាក់ចុះជាបន្តបន្ទាប់។
ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរទិសដៅដ៏សំខាន់របស់ Tesla ពីគម្រោងដែលជាគោលដៅធំមួយរបស់ Musk ទៅផ្តោតលើការផលិត Cybercab ដែលជារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណា Cybercab នៅមិនទាន់បង្ហាញសមត្ថភាពពាណិជ្ជកម្មច្បាស់លាស់នៅឡើយទេ។
យោងតាមទិន្នន័យរបស់ Kelley Blue Book Tesla លក់ Cybertruck បានត្រឹមតែ ២០.២៣៧ គ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៤៨% បើធៀបនឹងចំនួន ៣៨.៩៦៥ គ្រឿងក្នុងឆ្នាំ ២០២៤។ តួលេខនេះទាបខ្លាំងបើធៀបនឹងការព្យាករណ៍ដំបូងរបស់ Musk ដែលធ្លាប់រំពឹងថា អាចលក់បាន ២៥០.០០០ គ្រឿងក្នុងមួយឆ្នាំ។
Cybertruck ក៏ប្រឈមនឹងបញ្ហាជាច្រើនទាក់ទងនឹងការរចនា សុវត្ថិភាព និងការអនុម័តតាមបទប្បញ្ញត្តិ ជាពិសេសនៅទីផ្សារអឺរ៉ុប។ ចាប់តាំងពីចាប់ផ្តើមលក់នៅចុងឆ្នាំ ២០២៣ រថយន្តម៉ូដែលនេះត្រូវបានប្រកាសប្រមូលមកវិញចំនួន ១១ លើក។
ទន្ទឹមនឹងនេះ Tesla កំពុងបង្កើនការវិនិយោគលើបច្ចេកវិទ្យា AI មនុស្សយន្ត និងរថយន្តបើកបរដោយស្វ័យប្រវត្តិ។ Cybercab ត្រូវបាន Elon Musk ចាត់ទុកថាជាគម្រោងសំខាន់សម្រាប់ការបង្កើតបណ្តាញតាក់ស៊ីស្វ័យប្រវត្តិទូទាំងពិភពលោក។ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់សេវាជិះដោយបង់ប្រាក់តាមរយៈរថយន្ត Cybercab មួយចំនួននៅទីក្រុង Austin កាលពីខែកញ្ញា ប៉ុន្តែនៅតែស្ថិតក្នុងដំណាក់កាលដំបូង។
បច្ចុប្បន្ន ក្នុងចំណោមរថយន្តតាក់ស៊ីស្វ័យប្រវត្តិរបស់ Tesla ជាង ១.២០០ គ្រឿងដែលកំពុងដំណើរការនៅរដ្ឋ Texas មានប្រហែល ៥៧០ គ្រឿងជាម៉ូដែល Cybercab។ ការបញ្ឈប់ការផលិត Cybertruck អាចជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Tesla ពីការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី ទៅកាន់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងមនុស្សយន្ត៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច