ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្តាល ដាក់បទបញ្ជាម៉ឺងម៉ាត់អនុវត្តច្បាប់គ្មានការលើកលែងចំពោះមន្ត្រីណា បន្តពាក់ព័ន្ធបទល្មើសនេសាទក្នុងខេត្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្តេជ្ញាផ្តាច់ប្រព័ន្ធបទល្មើសនេសាទខុសច្បាប់ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រមទាំងដាក់បទបញ្ជាម៉ឺងម៉ាត់អនុវត្តច្បាប់គ្មានការលើកលែងចំពោះមន្ត្រីណាដែលនៅបន្តពាក់ព័ន្ធបទល្មើសនេសាទក្នុងខេត្តកណ្ដាល។

លោក គួច ចំរើន បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតថា រដ្ឋបាលខេត្តកណ្តាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តាច់ប្រព័ន្ធបទល្មើសនេសាទខុសច្បាប់ឱ្យអស់ពីក្នុងភូមិសាស្ត្រខេត្តកណ្តាល។ លោក បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រសិនបើមានមន្ត្រីរូបណាកំពុងពាក់ព័ន្ធ សូមដកខ្លួនចេញជាបន្ទាន់។ ប៉ុន្តែ ប្រសិនបើនៅតែមានការឃុបឃិត ឬពាក់ព័ន្ធជាមួយបទល្មើសនេសាទខុសច្បាប់បន្តទៀត គឺត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែងជាដាច់ខាត។

លោក គួច ចំរើន បន្តថា អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការជំនាញឱ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ដើម្បីកាត់ផ្តាច់ឫសគល់នៃប្រព័ន្ធបទល្មើសនេសាទក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយខណ្ឌរដ្ឋបាលជលផល ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញឱ្យបានច្បាស់លាស់នូវចំនួនឡូនេសាទ និងតំបន់អភិរក្ស ដើម្បីឱ្យកងកម្លាំង និងអាជ្ញាធរងាយស្រួលក្នុងការក្តាប់ព័ត៌មាន បង្ការ និងទប់ស្កាត់ កុំឱ្យជនឆ្លៀតឱកាសចូលទៅប្រព្រឹត្តបទល្មើសនេសាទក្នុងតំបន់អភិរក្សពូជត្រីជាដាច់ខាត។

លោក បន្ថែមថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ គឺជាវិធានការរដ្ឋបាល និងច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារ និងអភិរក្សធនធានជលផល ក្នុងខេត្តកណ្តាល ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពិតជុំវិញបទល្មើសនេសាទ។ កន្លងមក អាជ្ញាធរបានអញ្ជើញអ្នកសារព័ត៌មានឱ្យចុះយកព័ត៌មានផ្ទាល់ និងចូលរួមសង្កេតការណ៍ក្នុងការបង្ក្រាបនៅទីតាំងជាក់ស្តែង ដើម្បីយល់ដឹងកាន់តែច្បាស់ពីការងារនេះ។ រដ្ឋបាលខេត្តនឹងរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ការចូលរួមរិះគន់ក្នុងន័យស្ថាបនា និងការរួមចំណែកការពារធនធានធម្មជាតិជាមួយអាជ្ញាធរនាពេលកន្លងមក។

លោកអភិបាលខេត្តកណ្ដាល ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងរួមគ្នាបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើ។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៦ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងដែននេសាទតាមបណ្តាលក្រុង/ស្រុក បានចំនួន ១៧៦លើក ដកហូតឧបករណ៍នេសាទខុសច្បាប់ រក្សាទុក និងបំផ្លាញចោល បានចំនួន ១០៩ ករណី៕


ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល


ចែករំលែក៖