ព័ត៌មានទាន់ហេតុការណ៍៖

ពលករអាល្លឺម៉ង់រាប់សែននាក់ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា សហជីព IG Metall បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ្នកធ្វើការជាង៤០០ ០០០នាក់មកពីវិស័យផ្សេងៗ រាប់ចាប់ពីវិស័យផលិតរថយន្តរហូតដល់វិស្វកម្មមេកានិច បានចូលរួមក្នុងកូដកម្មនិងការប្រមូលផ្តុំតវ៉ា នៅទូទាំងប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួល និងការកែលម្អលក្ខខណ្ឌការងារ។
សហជីព IG Metall បានរៀបចំសកម្មភាពតវ៉ាទាំងនេះ បន្ទាប់ពីការចរចាជាច្រើនលើកជាមួយក្រុមនិយោជក តំណាងឱ្យសមាជិករបស់ខ្លួន បានបញ្ចប់ដោយគ្មានលទ្ធផល។ សហជីពដ៏ធំបំផុតរបស់អាល្លឺម៉ង់នេះបានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដល់ថ្ងៃសុក្រសប្តាហ៍នេះ ពលករជាង ៤១៣ ០០០នាក់បានចូលរួមក្នុងសកម្មភាពតវ៉ាទូទាំងប្រទេស ដែលរួមមានការធ្វើកូដកម្មជាង ២៨០០លើក ដែលភាគច្រើនជាកូដកម្មក្នុងទ្រង់ទ្រាយតូចៗ។
ប្រធានដឹកនាំការចរចារបស់សហជីព IG Metall លោកស្រី Nadine Boguslawski បាននិយាយថា ពលករអាល្លឺម៉ង់កំពុងតស៊ូដើម្បីអនាគតគ្រួសារ និងការងាររបស់ពួកគេ។ ការចរចានឹងបន្តទៀតនៅសប្តាហ៍ក្រោយ ប៉ុន្តែខាងសហជីព បានគំរាមធ្វើកូដកម្មមិនបំពេញការងាររយៈពេលកាន់តែយូរជាងមុន ប្រសិនបើក្រុមនិយោជកមិនបំពេញតាមការទាមទាររបស់ខ្លួន។
ពលករសរុបជាង ៣,៧លាននាក់ ស្ថិតក្រោមវិសាលភាពនៃការចរចាបច្ចុប្បន្នរបស់សហជីព IG Metall។ ការទាមទាររបស់សហជីព រួមមានដូចជា ការដំឡើងប្រាក់ឈ្នួល ៥ភាគរយក្នុងរយៈពេល១២ខែ ការចែករំលែកប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនដែលជោគជ័យ និងការធានាការងារដល់ពលករ។រហូតមកដល់ពេលនេះ ក្រុមនិយោជកបានស្នើផ្តល់ការដំឡើងប្រាក់ឈ្នួលត្រឹម ១,៣ភាគរយ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៨ និងការទូទាត់ប្រាក់បន្ថែមតែមួយលើក៕


ចែករំលែក៖