ខេត្តស្វាយរៀង៖ លោក រស់ វាសនា ដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងណែនាំអាជីវករមិនឱ្យដាក់តាំងលក់ទំនិញរំលោភលើចិញ្ចើមផ្លូវនៅក្រុងស្វាយរៀង។
ជាក់ស្តែង ថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពី លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, លោក រស់ វាសនា អភិបាលរងក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង រួមមានកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ណែនាំ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើការដាក់តាំងទំនិញលក់ដូរ និងការចតយានយន្តលើផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុងស្វាយរៀង។
ក្នុងការអនុវត្តបទបញ្ជានេះ លោក រស់ វាសនា អភិបាលរងក្រុង បានធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនអាជីវករ ម្ចាស់ទីតាំងអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ៖
– មិនត្រូវលក់ដូរនៅលើចិញ្ចើមផ្លូវ និងលើការ៉ូឡាខាងមុខមន្ទីរពេទ្យបង្អែកខេត្ត
– ត្រូវរួមរុះរើ សំអាត និងមិនត្រូវដាក់តាំងសម្ភារ ឬទំនិញផ្សេងៗរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ
– ត្រូវទុកចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងធ្វើដំណើរ និងសម្រួលលំហូរចរាចរណ៍ បញ្ចៀសការកកស្ទះ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។
– ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់បំព្រង ស័ក្តិសមជាទីក្រុងស្អាត។
រដ្ឋបាលក្រុងស្វាយរៀង សូមថ្លែងអំណរគុណ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មេត្តាយោគយល់ និងបន្តចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងសោភណភាពក្នុងក្រុងរបស់យើងទាំងអស់គ្នា៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច