ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការទូតអាម៉េរិក ផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងឆ្លៀតរម្លឹកពីតួនាទីខ្លួន ក្នុងការចរចាបង្កើតឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» នៅគូឡាឡាំពួរ

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថានទូត​អាម៉េរិក​ប្រចាំនៅកម្ពុជា​ បានឱ្យដឹងថា​ លោក​ Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក​ នៅថ្ងៃទី ៩ វិច្ឆិកា​ ឆ្នាំ​២០២៦​នេះ បានផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជាខួបលើកទី ៧៣។​ ភ្ជាប់ជាមួយសារអបអរសាទរ ប្រមុខការទូតអាម៉េរិក បានឆ្លៀតរម្លឹកពីតួនាទីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅគួឡាឡាំពួ ដែលលោកចាត់ទុកថា គឺជាបើកជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

បន្ថែមពីលើសារចូលរួមអបអរសាទរកម្ពុជា ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ៧៣ លោក Marco Rubio បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ថាបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធមួយ ដែលផ្អែកលើទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម អស់រយៈពេលជាង ៧៥ ឆ្នាំមកហើយ។

លោក Marco Rubio បានរម្លឹកពីសមិទ្ធផល ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ ក្នុងការជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accords) ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនោះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរបស់កម្ពុជា និងអាម៉េរិក ដោយបង្កើតឱកាសនានា ដើម្បីជំរុញសន្តិភាពប្រកបដោយនិរន្តរភាព និងពង្រីកវិបុលភាពសេដ្ឋកិច្ច ទាំងសម្រាប់ប្រជាជនអាម៉េរិក និងប្រជាជនកម្ពុជា។

លោក Marco Rubio បានសង្កត់ធ្ងន់ថា “យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាមួយដ៏រឹងមាំ និងឯករាជ្យ។ខ្ញុំសូមជូនពរយ៉ាងកក់ក្តៅបំផុតចំពោះប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសនៃការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ នៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិរបស់លោកអ្នក”៕ដោយ​៖តារា​


ចែករំលែក៖