ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់អប់រំទូន្មានកូនចៅឱ្យខិតខំរៀនសូត្រ ឃ្លាតឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។
ការណែនាំរបស់ លោក ខូយ រីដា នាឱកាសអញ្ជើញចូលរួមនាំយកស្បៀង និងពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង ចំនួន ២,៦៨២គ្រួសារ ក្នុងស្រុកបាកាន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងស្តារការបង្កបង្កើនផលឡើងវិញ។
យោងតាមរបាយការណ៍របស់ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ស្រុកបាកាន បានជួបប្រទះនូវគ្រោះរាំងស្ងួត បង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន ២៦,០០០ហិកតា។
នាឱកាសនោះ លោក ខូយ រីដា និងលោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានគូសបញ្ជាក់ថា ស្បៀង និងស្រូវពូជដែលរាជរដ្ឋាភិបាលផ្តល់ជូន តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្រាលការលំបាក និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករបានចាប់ផ្តើមបង្កបង្កើនផលស្តារឡើងវិញ។
ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់លើការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីលើកស្ទួយប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ត្រូវបន្តយកចិត្តទុកដាក់អប់រំទូន្មានកូនចៅឱ្យខិតខំរៀនសូត្រ ឃ្លាតឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមសហគមន៍មូលដ្ឋានរៀងៗខ្លួនឱ្យបានល្អប្រសើរ៕

ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច