ខេត្តស្ទឹងត្រែង ៖ លោក ទូច គង្គា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ស្រុកបុរីអូរស្វាយសែនជ័យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ស្រុក ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំស្រុក ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ដើម្បីជួយគាំទ្រគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង៣។
ថ្លែងក្នុងពិធីបើក លោកបានលើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ និងស្រុក នាពេលនេះគឺមានគោលដៅ និងមានគោលបំណងដើម្បី៖
(១). បើកវេទិកាពិភាក្សា ផ្លាស់ប្ដូរនូវបទពិសោធន៍ ក្នុងការគាំទ្រគម្រោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ដែលបានអនុវត្តនាឆ្នាំកន្លងមក។
(២). ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់ឃុំ និងគម្រោងវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកសម្រាប់អនុវត្ត ឆ្នាំ២០២៧។
(៣).សើ្នសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និង សប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់រដ្ឋបាលឃុំ និងគម្រោងរបស់រដ្ឋបាលស្រុក ដែលនឹងបង្ហាញជូននៅពេលបន្តិចទៀតនេះ។
ជាចុងក្រោយក្នុងប្រសាសន៍បិទ លោកបានគូសបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឃុំ និងស្រុក តាមរយៈនៃការអនុវត្តគម្រោងវិនិយោគបីឆ្នាំរំកិលរបស់ឃុំ និងស្រុក ដូចដែលបានលើកឡើង និងធ្វើការគាំទ្រក្នុងអង្គសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ដូចតទៅ៖
(១). មន្ទីរផែនការខេត្ត សហការជាមួយទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដាក់ចេញនូវផែនការឬកម្មវិធីការងារចុះគាំទ្រស្រុក និងឃុំក្នុងការអនុវត្តគម្រោងវិនិយោគដែលប្រើប្រាស់មូលនិធិឃុំ និងស្រុក ព្រមទាំងគម្រោងដែលមានការសន្យាគាំទ្រពីមន្ទីរវិស័យ និងដៃគូអភិវឌ្ឍន៍នានា ឱ្យទទួលបានប្រសិទ្ធភាព ព្រមទាំងរាយការណ៍ជាប្រចាំពីវឌ្ឍនភាពនៃគម្រោងទាំងនោះមកខេត្ត។
(២).មន្ទីរវិស័យ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានធ្វើការគាំទ្រគម្រោងវិនិយោគទាំង នៅថ្នាក់ឃុំ និងថ្នាក់ស្រុក សូមដាក់ចេញនូវផែនការចុះអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាដោយត្រូវពិនិត្យរដូវកាលនៃភាពដែលអាចអនុវត្តទៅមានប្រសិទ្ធភាព និងគុណភាពព្រមទាំងឆ្លើយតបជាក់ស្ដែងទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ករណីមានការលំបាកដោយប្រការណាមួយ សូមធ្វើការពិភាក្សា និងសម្របសម្រួលជាមួយអាជ្ញាធរឃុំ និងស្រុក ឱ្យបានទាន់ពេលវេលា ជៀសវាងធ្វើឱ្យមានការខកខានក្នុងការអនុវត្តគម្រោងដែលបានដាក់ចេញរួចហើយ។
(៣).ស្រុក និងឃុំ ដែលជាម្ចាស់គម្រោងត្រូវសម្របសម្រួលដល់ការអនុវត្តគម្រោង ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក និងសិក្សាពីបទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោង ដើម្បីធ្វើជាការរៀនសូត្រសម្រាប់ការលើកឡើងនូវគម្រោងអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តនៅឆ្នាំបន្តបន្ទាប់។
(៤). រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការកៀរគរធនធានពីដៃគូអភិវឌ្ឍនានា ព្រមទាំងសប្បុរសជន ដែលមានបំណងចូលរួមចំណែកអភិវឌ្ឍន៍ ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីចាំបាច់ពាក់ព័ន្ធនឹងនីតិវិធី បច្ចេកទេសដែលហួសពីសមត្ថកិច្ចរបស់ឃុំ និងស្រុក សូមរាយការណ៍ និងស្នើសុំជាបន្ទាន់ទៅថ្នាក់រដ្ឋបាលខេត្ត ដើម្បីដោះស្រាយ និងគាំទ្រក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ឱ្យទទួលបានជោគជ័យ ៕

ប្រភព ៖ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច