ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីជំនាញសាធារណៈការពន្លឿនជួសជុលហេដ្ឋារចនា សម្ព័ន្ធនានា លើមហាវិថីផ្លូវ៦០ម៉ែត្រ ដើម្បីទទួលដំណើរប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក ឃួង ស្រេង បានណែនាំបែបនេះខណៈ លោក ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ កាលពីថ្ងៃទី១០ ខេវិច្ឆិកា ឆ្នាំ២០២៦នេះ ចុះពិនិត្យមើលវឌ្ឍនះភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ចាប់ពីស្ពានអាកាសមរតកតេជោរហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតី និងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថីនិងផ្លូវនានា ជាច្រើនក្នុងរាជធានី ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម។ លោក ឃួង ស្រេង ក៏បានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា និងការរៀបចំឱ្យមានការពង្វៀងចរាចរណ៍នៅលើតម្រាយផ្លូវមួយចំនួនផ្សេង ទៀត ដែលត្រូវប្រតិភូឆ្លងកាត់ផងដែរ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការណែនាំពីគណៈកម្មការថ្នាក់ជាតិនោះ គឺការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថានគឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ។
ទី១.ត្រូវធានាឱ្យកិច្ចប្រជុំកំពូលអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។
ទី២.រដ្ឋបាលរាជធានីភ្នំពេញ យក ចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងគណៈកម្មការសន្តិសុខថា្នក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។
ទី៣.ការងារ លាបបេតុងទ្រូងផ្លូវ (ព្រះមុនីវង្ស សហព័ន្ធរុស្សី ព្រះនរោត្តម ផ្លូវ៦០ម៉ែត្រ)
ក.ការងារអ៊ុតគំនូសចរាចរណ៍ រួមមាន៖ (មហាវិថីសហព័ន្ធរុស្សី វិថីប៊ុលហ្គារី ជុំវិញរង្វង់មូលបាយ័ន្ត រង្វង់មូលគួចកាណុង វិថីស៊ូស្រុន វិថីសុធារស មហាវិថីព្រះមុនីវង្ស ស្ពានជ្រោយចង្វារទាំង២ខ្សែ ស្ពានព្រះមុនីវង្ស។
ខ.ការងារថែទាំជួសជុលមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ ៦០ម៉ែត្រ រួមមាន៖ (ការអ៊ុតកៅស៊ូ និងការអ៊ុតពង្រីកតួផ្លូវ ការងារគំនូសចរាចរណ៍ ការលាបថ្នាំទ្រូងផ្លូវ តំលើងផ្លាកសញ្ញាចរាចរណ៍ថ្មី) ។
គ. ការងារកាត់ស្មៅ មែកឈើ និងការថែទាំសួនច្បារ រួមមាន៖ (ជួសជុល និងតុបតែងផ្កានៅសួនគួចកាណុង និងសួនមុខវិមានសន្តិភាព)។ ការងារ ជួសជុល ថែទាំបន្ទប់ទឹក និងតំឡើងបន្ថែមបន្ទប់ទឹក សម្រាប់បម្រើឱ្យព្រឹត្តការណ៍អម នៅសួនច្បារមុខវត្តបុទុមវតី និងសួនច្បារសំខាន់ៗ។
ការងារលាបកំបោរខឿន និងគល់ឈើ និងចិញ្ចើមផ្លូវ រួមមាន៖ សួនច្បារវិមានឯករាជ្យ សួនច្បារវត្តបុទុមវតី សួនព្រហ្មបាយ័ន្ត សួនគួចកាណុង សួនមុខគណៈរដ្ឋមន្រ្តី និងស្ពានជ្រោយចង្វារ ។ ការងារតុបតែងលម្អភ្លើងនៅតាមសួនច្បារនានា ព្រមទាំង ការតំឡើងបង្គោលដងទង់ជាតិបន្ថែម ឱ្យគ្រប់តាមចំនួនប្រតិភូប្រទេសដែលត្រូវអញ្ជើញចូលរួម នៅលើផ្លូវ៦០ម៉ែត្រ និងមាត់ទន្លេ។
រដ្ឋបាល រាជធានីភ្នំពេញ ក៏ស្នើសុំការយោគយល់ អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនដែលអាចកើតឡើងដោយការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា។ សូម មេត្តា ផ្តល់ អាទិភាព ជូន ក្បូន គណះប្រតិភូ ជាន់ខ្ពស់ ដែល ត្រូវ អញ្ជើញ មក បំពេញ បេសកកម្ម នៅ រាជធានីភ្នំពេញ អាច ធ្វើ ដំណើរ ដោយ រលូន និង ដេីម្បី ជាការ លើក កិត្តិយស និង មុខមាត់ របស់ ប្រទេស ជាតិ យើង ទាំងអស់ គ្នា ។
លោកស្រី បាន បន្តថា៖ វប្បធម៌នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ទទួលបាននូវការកោត សរសើរ និងមានមោទនភពយ៉ាងក្រៃលែងនាពេលកន្លងផងដែរ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច