ខេត្តកណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបុរសម្នាក់ករណីគំរាមកំហែងថានឹងសម្លាប់ម្ដាយបង្កើត និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកកសាងសំណុំ រឿងចាត់ការតាមនីតិវិធី។
ករណីនេះកើតឡើងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០ និង៣០នាទី នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ទឹម សារ៉ាយ ភេទស្រី អាយុ ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មការិនីរោងចក្រ (ត្រូវជាម្ដាយបង្កើត)។
ចំណែកជនសង្ស័យ ឈ្មោះ ពៅ ច័ន្ទវីរ: ភេទប្រុស អាយុ ២៦ ឆ្នាំបច្ចុប្បន្នរស់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)និងធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន នៅស្រុកកណ្ដាលស្ទឹង រយៈពេលចំនួន០៦ ខែ ។
វត្ថុតាងចាប់យក÷កូនកាំបិតចុងស្រួច ០១ ដងជ័រ ពណ៌ខ្មៅ ប្រវែង ២៥ សង់ទីម៉ែត្រ ។
កន្លងមកជនសង្ស័យខាងលើតែងតែរករឿងជេរនិងទារលុយពីជនរងគ្រោះជាញឹកញាប់ ធ្លាប់យកទូរស័ព្ទរបស់ជនរងគ្រោះនិងប្អូនទៅលក់អស់ចំនួនប្រហែល ២០ គ្រឿងមកហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច