ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចឌីណាម៉ូបូមទឹកយកមកលក់ឲ្យផ្ទះអេតចាយ

ចែករំលែក៖

ខេត្តតាកែវ ៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកាលពីថ្ងៃអាទិត្យ ១៣រោចខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ០៩និង៣០នាទី កើតមានករណី អំពើលួចឌីណាម៉ូភ្លើង០១ករណី របស់ឈ្មោះ យឹម អ៊ា ភេទប្រុស អាយុ៤៨ឆ្នាំ មុរបរជាងសំណង់ នៅចំណុចលើភ្នំបូរី ស្ថិតនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោឃ្លាំងសំរាប់ដាក់ សម្ភារៈសំណង់ ចូលលួចយកម៉ូទ័រយោង ខ្សែភ្លើងនិង (ឌីណាម៉ូភ្លើង)យកទៅបាត់ រួចរាយកាណ៍មកសមត្ថកិច្ច។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិកាដ្ឋាននគរបាលស្រុកអង្គរបូរី ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូត ដល់ម៉ោង១៧និង៣០នាទី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក៏មានអ្នកទិញអេតចាយម្នាក់ឈ្មោះ ឡុង សុខលី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរី ខេត្តតាកែវ  បានរាយការណ៍មកសមត្ថកិច្ចថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដឹកបំណែកដុំដែកនៃឌីណាម៉ូ
យកមកលក់។

ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅដល់ រួចហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ មុត វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ជាមុខសញ្ញាចាស់(ប្រើប្រាស់សារធាតុញៀន) រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងកម្លាំងជំនាញបានប្រគល់ជូនម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សុរិយា


ចែករំលែក៖