ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល បង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងតំបន់

ចែករំលែក៖

ម៉ានីល ប្រទេសហ្វីលីពីន៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រធានសភា និងគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand R. Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន (PICC)។

ពិធីបិទជាផ្លូវការដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាជាច្រើនរូបទៀត។

ការអញ្ជើញចូលរួមរបស់សម្តេចប្រធានរដ្ឋសភាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ធ្វើឡើងស្របពេលដែលសម្តេចកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ ដែលសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងម៉ានីល។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានរៀបចំឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ហើយក្នុងឱកាសបិទកិច្ចប្រជុំនេះដែរ សាធារណរដ្ឋហ្វីលីពីនក៏បានប្រគល់តួនាទីជាប្រធានអាស៊ានប្តូរវេនបន្តទៅឱ្យសាធារណរដ្ឋសិង្ហបុរី សម្រាប់ឆ្នាំ២០២៧ ខាងមុខ។

វត្តមានរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំអាយប៉ា ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពដ៏រឹងមាំ ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការដែលមិនអាចខ្វះបាន រវាងស្ថាប័ននីតិប្រតិបត្តិ (អាស៊ាន) និងស្ថាប័ននីតិប្បញ្ញត្តិ (អាយប៉ា) ក្នុងការរួមចំណែកជំរុញការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់ប្រជាជនក្នុងតំបន់ទាំងមូល៕

(ប្រភព៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា )


ចែករំលែក៖