ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទើបតែបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ កាលពីវេលារំលងអធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ដំណើរបេសកកម្មរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីចូលរួមជំនួបកំពូលថ្នាក់តំបន់ដ៏ធំនៅហ្វីលីពីន បានកើតឡើងភ្លាមៗបន្ទាប់ពីកម្ពុជាទើបតែបិទបញ្ចប់ប្រកបដោយជោគជ័យដ៏គួរឱ្យមោទនៈនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រួមជាមួយព្រឹត្តិការណ៍អមជាច្រើនទៀត ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយស្របពេលជាមួយគ្នា កម្ពុជាក៏ទទួលដំណើរទស្សនកិច្ចកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ ផងដែរ។
ភាពមមាញឹកយ៉ាងខ្លាំងក្នុងវិស័យការទូតរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជាមានអត្ថន័យច្រើនយ៉ាង និងនាំផលប្រយោជន៍ធំធេងដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា៖
ទី១. វាបានបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិក្នុងនាមជារដ្ឋអធិបតេយ្យមួយដែលឈរស្មើមុខមាត់ជាមួយប្រទេសផ្សេងទៀតទាំងអស់។ ការណ៍នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាផ្លែផ្កានៃគោលនយោបាយនិងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៍អន្តរជាតិវិញជាបន្ទាន់បន្ទាប់ពីសង្គ្រាមស៊ីវិល និងជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដ៏ឯកោបំផុតមួយក្នុងលោក និងដែលពិភពលោកស្គាល់ថា ជាវាលពិឃាត។
ប៉ុន្តែ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិ ត្រូវបានចាត់ទុកជាអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថែរក្សាសុខសន្តិភាព និងបានកំណត់យកអភិក្រម «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» និង «ការទូតសេដ្ឋកិច្ច» ជាត្រីវិស័យនៃនយោបាយការបរទេសរបស់កម្ពុជា។ ជាលទ្ធផល កម្ពុជាបច្ចុប្បន្នមានចំណងទាក់ទងជាមួយបណ្ដាប្រទេសនានានៅគ្រប់ជ្រុងជ្រោយនៃពិភពលោក និងមានសកម្មភាពការទូតយ៉ាងសកម្ម និងរស់រវើក ដូចដែលបានលើកឡើងខាងលើ។
ទី២. តាមរយៈសកម្មភាពការទូតដ៏សកម្មរស់រវើកនេះ កម្ពុជាបានផ្ញើសារដ៏សំខាន់និងដ៏ច្បាស់លាស់ទៅកាន់ពិភពលោក នោះគឺ កម្ពុជាជាប្រទេសតូចមែនតែស្រឡាញ់សន្តិភាព។ កម្ពុជាមានបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបង្កើតបានសន្តិភាពដ៏ពេញលេញនិងយូរអង្វែង ជូនប្រទេសជាតិនិងប្រជាជន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ កម្ពុជាប្រកាន់នយោបាយការទូតច្បាស់លាស់ និងចាស់ទុំ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី និងមានការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធ។ កម្ពុជាគោរពនិងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ ការសន្ទនា ពហុភាគីនិយម និងសណ្ដាប់ធ្នាប់ពិភពលោក។ កម្ពុជាត្រូវការកសាងមិត្តភាពដោយស្មើមុខមាត់គ្នាជាមួយបណ្ដាប្រទេសនានាទាំងអស់ដើម្បីផលប្រយោជន៍រួម។
ទី៣. កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អម ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ ដែលកើតមានដំណាលគ្នានៅកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយនេះ បានផ្ដល់ផលប្រយោជន៍ធំធេងដល់កម្ពុជា។ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់របស់បណ្ដាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ដែលតំណាងឱ្យជិតពាក់កណ្ដាលនៃពិភពលោក ក៏ដូចជាតំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស បានឃើញផ្ទាល់ភ្នែកនូវសមត្ថភាពនៃការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិរបស់កម្ពុជា, បានឃើញផ្ទាល់ភ្នែកនូវស្នាមញញឹមដ៏រាក់ទាក់កក់ក្ដៅរបស់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ក៏ដូចជាបានឃើញនូវវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ពួកគេបាននាំយកទៅជាមួយនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានទាំងនេះពីកម្ពុជា។ រូបភាពនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់នយោបាយការទូតប៉ុណ្ណោះទេ តែក៏ជាកម្លាំងស្រូបទាញទេសចរ និងការវិនិយោគ ដ៏សំខាន់ផងដែរ។
ទី៤.
សំឡេងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ និងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ បានជ្រួតជ្រាបយ៉ាងទូលំទូលាយទៅក្នុងសហគមន៍តំបន់ និងអន្តរជាតិ។ នេះជាកម្លាំងការទូតដ៏ធំមួយដែលបាននិងកំពុងជំរុញឱ្យមានដំណោះស្រាយពិតប្រាកដ និងយូរអង្វែងនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
ទី៥. ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានឃើញ និងបានយល់កាន់តែច្បាស់ពីជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត។ ទាំងរាជរដ្ឋាភិបាល ទាំងស្ថាប័ននីតិប្បញ្ញត្តិ ដែលមានព្រឹទ្ធសភានិងរដ្ឋសភា បានរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយ ក្នុងការនិយាយការពិតក្នុងវេទិកាតំបន់ និងអន្តរជាតិ អំពីការកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ពីសំណាក់កងយោធាថៃ និងអំពីជនភៀសសឹកកម្ពុជា ហើយទាមទារឱ្យមានដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច