ព័ត៌មានទាន់ហេតុការណ៍៖

Barcelona អាចរកចំណូលសរុបជាង ៧០ លានដុល្លារ ពីការផ្តល់កន្លែងតម្កល់អដ្ឋិធាតុអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន

ចែករំលែក៖

គម្រោង Memorial FC Barcelona របស់ក្លឹប Barcelona ដែលជាកន្លែងពិសេសសម្រាប់តម្កល់អដ្ឋិធាតុបន្ទាប់ពីបូជាសព នៅក្នុងកីឡដ្ឋាន Camp Nou ដែលកំពុងជួសជុលឡើងវិញ អាចបង្កើតចំណូលក្នុងទំហំដ៏ច្រើន តាមរយៈកិច្ចសន្យាជួលកន្លែងតម្កល់ទាំងនេះ។

ប្រសិនបើកន្លែងតម្កល់អដ្ឋិធាតុទាំង ២៦.០០០ កន្លែង ត្រូវបានជួលអស់ក្រោមកិច្ចសន្យាស្តង់ដាររយៈពេល ១០ ឆ្នាំ គម្រោងនេះអាចមានតម្លៃកិច្ចសន្យាសរុបប្រមាណ ៧១,៦ លានដុល្លារ។

តាមការគណនារបស់សារព័ត៌មានអេស្ប៉ាញ El Plural តម្លៃនេះផ្អែកលើថ្លៃជួល ២.៤៩០ អឺរ៉ូ (ប្រមាណ ២.៧៥២ ដុល្លារ) ក្នុងមួយកន្លែង សម្រាប់រយៈពេល ១០ ឆ្នាំ។ ប្រសិនបើជួលបានទាំងអស់ តម្លៃកិច្ចសន្យាសរុបអាចស្មើនឹងប្រមាណ ៧,១៦ លានដុល្លារក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណា តួលេខនេះគឺជាតម្លៃសក្តានុពលនៃកិច្ចសន្យា មិនមែនជាចំណូលដែល Barcelona ធានាថានឹងទទួលបាននោះទេ។ រហូតមកដល់ពេលនេះ ក្លឹបមិនទាន់បង្ហាញពីកិច្ចព្រមព្រៀងបែងចែកចំណូលជាក់លាក់ជាមួយក្រុមហ៊ុនប្រតិបត្តិការគម្រោងនៅឡើយទេ។

យោងតាម SER Catalunya ក្លឹបនឹងទទួលបានចំណែកភាគរយមួយ ដោយផ្អែកលើប្រភេទផលិតផលដែលបានលក់ ប៉ុន្តែភាគរយជាក់លាក់មិនទាន់ត្រូវបានបង្ហាញជាសាធារណៈឡើយ។

Memorial FC Barcelona គឺជាទីតាំងរំលឹកវិញ្ញាណក្ខន្ធមួយនៅខាងក្នុងកីឡដ្ឋាន Camp Nou ដែលរៀបចំឡើងជាពិសេសសម្រាប់អ្នកគាំទ្រ ដែលមានបំណងតម្កល់អដ្ឋិធាតុរបស់ខ្លួន ឬអដ្ឋិធាតុរបស់មនុស្សជាទីស្រឡាញ់ នៅក្នុងកីឡដ្ឋានដ៏ល្បីល្បាញរបស់ក្លឹប។

ទីតាំងនេះមានច្រកចូលដាច់ដោយឡែកពីខាងក្រៅ ព្រមទាំងច្រកចូលពីខាងក្នុងតាមរយៈ Gate 35 ដែលនឹងបើកដំណើរការនៅថ្ងៃប្រកួត។

គម្រោងនេះនឹងមានផ្ទៃដីប្រមាណ ១.៥០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអដ្ឋិធាតុបានចំនួន ២៦.០០០ កន្លែង និងមានបន្ទះសិលាចារឹករំលឹកវិញ្ញាណក្ខន្ធចំនួន ៩.០០០ ផងដែរ។ យោងតាមសារព័ត៌មាន La Vanguardia កន្លែងប្រមាណ ១.០០០ ត្រូវបានកក់ទុក ឬចុះកិច្ចសន្យារួចហើយ ភ្លាមៗបន្ទាប់ពីការប្រកាសជាផ្លូវការអំពីគម្រោងនេះ។

ក្រៅពីជម្រើសជួលរយៈពេល ១០ ឆ្នាំ ក៏មានកញ្ចប់តម្លៃពិសេសសម្រាប់រយៈពេល ២៥ ឆ្នាំ និង ៥០ ឆ្នាំផងដែរ ដោយមានតម្លៃប្រមាណ ៥.៥១៥ ដុល្លារ និង ៦.៦២០ ដុល្លាររៀងគ្នា។

ប្រសិនបើកន្លែងទាំង ២៦.០០០ ត្រូវបានជួលក្រោមកញ្ចប់រយៈពេល ២៥ ឆ្នាំ តម្លៃកិច្ចសន្យាសរុបអាចកើនដល់ប្រមាណ ១៤៣,៣៩ លានដុល្លារ។ ចំណែកកញ្ចប់រយៈពេល ៥០ ឆ្នាំ អាចធ្វើឱ្យតម្លៃកិច្ចសន្យាសរុបកើនដល់ប្រមាណ ១៧២,១៣ លានដុល្លារ។

អតិថិជនក៏អាចបង់ថ្លៃបន្ថែម ដើម្បីជ្រើសរើសទីតាំងតម្កល់ជាក់លាក់ដែលខ្លួនចង់បាន។ សម្រាប់កញ្ចប់រយៈពេល ១០ ឆ្នាំ និង ២៥ ឆ្នាំ ក្រុមគ្រួសារអាចទិញសិទ្ធិផ្ទេរអដ្ឋិធាតុទៅកាន់កន្លែងតម្កល់រួម នៅពេលកិច្ចសន្យាផុតកំណត់។ ចំណែកកញ្ចប់រយៈពេល ៥០ ឆ្នាំ សេវាកម្មនេះត្រូវបានរួមបញ្ចូលជាស្រេច។

អតិថិជនក៏ត្រូវបង់ថ្លៃបន្ថែមចំនួន ១៩៩ ដុល្លារ សម្រាប់ធុងតម្កល់អដ្ឋិធាតុ និងនីតិវិធីរដ្ឋបាល ព្រមទាំងថ្លៃថែទាំប្រចាំឆ្នាំប្រមាណ ៧៧ ដុល្លារ។ ប្រសិនបើកន្លែងទាំង ២៦.០០០ ត្រូវបង់ថ្លៃថែទាំពេញលេញ នោះគម្រោងអាចបង្កើតចំណូលពីថ្លៃសេវានេះបានប្រមាណ ២,០១ លានដុល្លារក្នុងមួយឆ្នាំ។

គម្រោងនេះក៏អនុញ្ញាតឱ្យអ្នកគាំទ្រចារឈ្មោះ និងសារផ្ទាល់ខ្លួនរបស់ពួកគេនៅលើបន្ទះរំលឹកវិញ្ញាណក្ខន្ធផងដែរ។ ក្លឹបបានពិពណ៌នាទីតាំងនេះថា ជាការផ្តល់កិត្តិយសដល់អ្នកគាំទ្រ ដែលបានចាត់ទុក Barcelona ជាផ្នែកមួយនៃជីវិតរបស់ពួកគេ។

ដំណាក់កាលទីមួយនៃគម្រោងនេះ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ ២០២៧ ខណៈដំណាក់កាលទីពីររំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៨។ អ្នកគាំទ្រអាចធ្វើការកក់ទុកជាមុនបាន ទោះបីជាពួកគេមិនមែនជាសមាជិករបស់ក្លឹបក៏ដោយ៕

ដោយ៖ ភារៈ


ចែករំលែក៖