ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាពក្នុងតំបន់ ដោយបន្តកសាងលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ និងលើកឡើងពីការគាំទ្រជាបន្តបន្ទាប់ ចំពោះសហគមន៍តាមបណ្តោយព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានជួបពិភាក្សាការងារជាលើកដំបូង ដោយផ្តោតលើការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយរបៀបណាដែលអាចនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាពក្នុងតំបន់ ដោយបន្តកសាងលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ និងបានលើកឡើងពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះសហគមន៍តាមបណ្តោយព្រំដែន រួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារភៀសខ្លួនជាង ១០.០០០ គ្រួសារ និងប្រតិបត្តិការបោសសម្អាតមីននៅទូទាំងភូមិចំនួន ៣៤០ តាមបណ្តោយព្រំដែន។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរគ្រឿងញៀន ដែលបង្កការគំរាមកំហែងដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា។

សហរដ្ឋអាមេរិក មានមោទនភាពក្នុងការឈរនៅជាមួយប្រជាជនកម្ពុជា ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព និងវិបុលភាពកាន់តែខ្លាំង៕

ដោយ៖តារា


ចែករំលែក៖