ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖  នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងមន្ត្រីពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសិក្សា ឯកសារបណ្តុះបណ្តាល និងការលើកកម្ពស់គុណភាពអប់រំហ្វឹកហ្វឺន ដើម្បីអភិវឌ្ឍសមត្ថភាពនាយទាហានឱ្យឆ្លើយតបនឹងតម្រូវការភារកិច្ចការពារជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាល គឺជាអាទិភាពសំខាន់មួយក្នុងការកែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ ដោយត្រូវផ្តោតលើការពង្រឹងគុណភាពធនធានមនុស្ស វិន័យ វិជ្ជាជីវៈ ជំនាញ កាយសម្បទា ស្មារតីស្នេហាជាតិ និងសមត្ថភាពបំពេញភារកិច្ច។ជាមួយគ្នានេះ ការហ្វឹកហ្វឺនត្រូវអនុវត្តតាមលំដាប់លំដោយ ចាប់ពីកម្រិតបឋម មធ្យម រហូតដល់កម្រិតជាន់ខ្ពស់ ដោយធានាបាននូវគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមក៏បានលើកឡើងពីទិសដៅសំខាន់ៗចំនួន៣ ក្នុងការពង្រឹងវិស័យការពារជាតិ រួមមាន ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មគ្រឿងបំពាក់ និងការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំ ទំនើប និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

បើតាមការបញ្ជាក់របស់ឯកឧត្តម ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈនាយទាហាន និងអភិវឌ្ឍធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យស្របតាមតម្រូវការនៃការវិវត្តរបស់សភាពការណ៍ និងភារកិច្ចការពារជាតិនាពេលបច្ចុប្បន្ន និងអនាគត៕


ដោយ ៖ សិលា


ចែករំលែក៖