ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់​រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ និងគំរាមកំហែងប្រពន្ធរបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តាមការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយះលេខ​ទូរស័ព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយធ្វើសកម្មភាព រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ និងគំរាមកំហែងទៅលើប្រពន្ធរបស់ខ្លួន។

ដោយ​អនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ​ ព្រមទាំង​មានការសម្របសម្រួលនីតិវិធី ពី​ឯកឧត្ដម​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ។

កាលពីវេលាម៉ោង១៦:៥៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine ១២៩២ (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជា​ពលរដ្ឋ​​រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណីហិង្សា​ក្នុង​គ្រួសារ​ ក្នុង​ភូមិ​សាស្ត្រស្រុក​សំរោងទង។

បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ កន សុគុណ ភេទស្រី អាយុ៣៤ឆ្នាំ(ត្រូវជាប្រពន្ធ) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ សុខណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាប្ដី)ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យបានធ្វើសកម្មភាព រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាម កំហែងទៅលើប្រពន្ធរបស់ខ្លួន។ 

បច្ចុប្បន្ន​ជនសង្ស័យខាងលើ​ ត្រូវបាន​បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ​ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

ដោយ៖ សូរិយា


ចែករំលែក៖