ខេត្តសៀមរាប៖ ការអភិវឌ្ឍវិស័យទេសចរណ៍មិនមែនផ្ដោតតែលើភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែការធានាបាននូវបរិស្ថានស្អាត សុវត្ថិភាព និងការការពារសុខភាពអ្នកទេសចរ ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ក្នុងទិសដៅនេះ ស្រុកបន្ទាយស្រីបានប្រកាសជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការបំពុលពីផ្សែងបារី។
«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ផ្ដល់សារៈសំខាន់ជាច្រើន ជាពិសេសការការពារអ្នកទេសចរ និងប្រជាពលរដ្ឋពីការស្រូបផ្សែងបារីពីអ្នកដទៃ ដែលជាកត្តាបង្កហានិភ័យដល់សុខភាព និងជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង ជំងឺសរសៃឈាម និងជំងឺមហារីកសួត។ ទន្ទឹមនឹងនេះ គំនិតផ្ដួចផ្ដើមក៏ចូលរួមកាត់បន្ថយការប៉ះពាល់នឹងផ្សែងបារី ការបោះចោលកន្ទុយបារី និងការជក់បារីនៅទីសាធារណៈ ព្រមទាំងជួយលើកកម្ពស់ភាពស្អាត និងអនាម័យនៅតាមរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ដើម្បីកសាងអនាគតទេសចរណ៍ប្រកបដោយចីរភាព។
ស្រុកបន្ទាយស្រីជាតំបន់ដែលសម្បូរទៅដោយប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ ដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទភ្នំបូក ជាដើម។ ការជក់បារី និងការបោះចោលកន្ទុយបារីដោយគ្មានសណ្ដាប់ធ្នាប់នៅតាមបរិវេណប្រាសាទ អាចប៉ះពាល់ដល់ភាពស្អាត អនាម័យ សោភ័ណភាព និងបរិយាកាសនៃតំបន់បេតិកភណ្ឌទាំងនេះ ហើយការប្រើប្រាស់ភ្លើងសម្រាប់ជក់បារីដោយខ្វះការប្រុងប្រយ័ត្ន ក៏អាចបង្កហានិភ័យនៃអគ្គិភ័យនៅតាមបរិវេណដែលមានស្មៅស្ងួត និងរុក្ខជាតិជុំវិញប្រាសាទផងដែរ។ ដូច្នេះ ការលើកកម្ពស់គោលដៅទេសចរណ៍គ្មានផ្សែងបារី មិនត្រឹមតែការពារសុខភាពអ្នកទេសចរ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាសោភ័ណភាព បរិស្ថាន និងតម្លៃបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ «ការជក់បារីនៅតាមតំបន់បេតិកភណ្ឌពិភពលោក បង្កហានិភ័យដល់សុខភាពសាធារណៈ តាមរយៈការស្រូបផ្សែងបារីពីអ្នកដទៃ ព្រមទាំងបង្កហានិភ័យដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈគ្រោះថ្នាក់នៃអគ្គិភ័យដែលបង្កឡើងដោយការជក់បារី និងការបំផ្លាញដល់ទីតាំងប្រវត្តិសាស្ត្រ។ លើសពីនេះ កន្ទុយបារីដែលត្រូវបានបោះចោលក៏រួមចំណែកបង្កឱ្យមានការបំពុលបរិស្ថានផងដែរ។ ដូច្នេះ ការបង្កើត និងរក្សាបាននូវបរិស្ថានគ្មានផ្សែងបារីនៅតាមតំបន់បេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការការពារសុខភាពសាធារណៈ និងថែរក្សាបរិស្ថាន ព្រមទាំងតម្លៃបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ»។
គួរបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ហាមឃាត់មនុស្សគ្រប់រូបមិនឱ្យជក់បារី ឬហាមឃាត់ការលក់ផលិតផលថ្នាំជក់ទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ គោលការណ៍នេះផ្ដោតលើការគ្រប់គ្រង និងរៀបចំតំបន់ទេសចរណ៍ឱ្យអនុលោមតាមច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិនានា ដោយធានាថាការជក់បារីមិនត្រូវធ្វើឡើងនៅទីតាំងដែលច្បាប់ហាមឃាត់ ហើយការលក់ផលិតផលថ្នាំជក់ត្រូវគោរពតាមលក្ខខណ្ឌ និងវិធានការគ្រប់គ្រងថ្នាំជក់ រួមទាំងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
ដើម្បីធានានិរន្តរភាពនៃការអនុវត្ត «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ម្ចាស់អាជីវកម្មទេសចរណ៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ តាមរយៈការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់នៃការជក់បារី ការបិទស្លាកហាមជក់បារីនៅទីតាំងសេវាកម្ម និងកន្លែងធ្វើការសាធារណៈ ព្រមទាំងការលក់បារីដែលមានតែមប្រិ៍ពន្ធ និងមានសារព្រមានសុខភាពលើកញ្ចប់បារីជាដើម។
គូសបញ្ជាក់ផងដែរថា នៅកម្ពុជាមានប្រជាពលរដ្ឋប្រមាណ ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច