ខេត្តមណ្ឌលគិរី ៖ លោក ហៃ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអនីតិជនភេទស្រីម្នាក់ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងបទល្មើសគំរាមកំហែងហែកកេរ្តិ៍តាមបណ្តាញទំនាក់ទំនងសង្គម។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២១៦ «ខ» ដឃដ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនត្រូវចោទរូបនេះមានឈ្មោះ ធារ៉ា ភេទស្រី កើតឆ្នាំ២០០៩ (អនីតិជន) ជនជាតិខ្មែរ មុខរបរនៅផ្ទះ កម្រិតវប្បធម៌ថ្នាក់ទី១០ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអូរ ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដែលបានប្រព្រឹត្តឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram កាលពីអំឡុងខែសីហា ឆ្នាំ២០២៦។ បទល្មើសនេះត្រូវបានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីពិនិត្យលើសំណុំរឿងព្រហ្មទណ្ឌ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរួចមក ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី និងបង្គាប់ឱ្យប្រធានពន្ធនាគារទទួលឃុំខ្លួនជនត្រូវចោទរូបនេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច