ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់សាច់បង្កកខូចគុណភាព ជិត២តោន ហោះចូលស្រុកខ្មែរយកទៅដុតចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអន្តរាគមន៍ សហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានទីតាំងស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ចាប់ឃាត់រថយន្ត១គ្រឿងដឹកសាច់បង្កកខូចគុណភាព ជិត២តោន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។

រថយន្តដែលសមត្ថកិច្ចឃាត់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6980 បើកបរដោយឈ្មោះ សុខ កុសល មានដឹកសាច់បង្កកខូចគុណភាពទម្ងន់សរុប ១ ៩៣០គីឡូក្រាម ដោយក្នុងនោះរួមមាន ៖ ឆ្អឹងមាន់បង្កក ចំនួន៤កេស ស្មើនឹង៣០០គីឡូក្រាម, ក្រួចបង្កក ចំនួន ១៧កេស ស្មើនឹង ១ ១៩០គីឡូក្រាម, ទាបង្កក ចំនួន ១៧កេស ស្មើនឹង ២៩០គីឡូក្រាម និងប្រហិតចម្រុះចំនួន ១៥០គីឡូក្រាម ។  

បើតាមប្រជាពលរដ្ឋលើកឡើងថា រឿងសាច់បង្ក នាំពីប្រទេសជិតខាងចូលមកកម្ពុជា អត់ច្បាប់ អត់គុណភាព ជារឿងដដែលៗ មិនដែលឃើញចាប់បានម្ចាស់ ថៅកែ អ្នកនាំចូល បាននោះទេ ចាប់បានតែអ្នកសុីឈ្នួលដឹកជញ្ជូន កម្មករ អ្នកយកទៅចែកចាយបន្ត ។

ចំពោះករណីចាប់សាច់បង្កកខាងលើ ក្រោយពីជំនាញពិនិត្យរួច សមត្ថកិច្ចបានដុតកម្ទេចចោលនៅបរិវេណទីវាល ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ តាមវិធានបសុពេទ្យ ៕

ដោយ៖ សូរិយា


ចែករំលែក៖