ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង១គ្រឿងកំពុងបើកបរស្រាប់តែច្រាលលេខហើយរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្ដាលឱ្យឆ្លងចរន្ដឆេះរថយន្តតែម្ដង

ចែករំលែក៖

ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី តាមបណ្តោយផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨៥-៣៨៦ ត្រង់ចំណុចជណ្ដើរកាច់ ដែលស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានករណីគ្រោះអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្ដ១គ្រឿងម៉ាក សាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1046 ឆេះខូចខាតអស់ទាំងស្រុង។

សមត្ថកិច្ចមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ទិត្យ ពិសាល ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរ២នាក់ ៖ ឈ្មោះ ផុក សឹង  ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ធឿន សុីថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។

+សម្ភារៈខូចខាតរួមមាន៖ ឆេះរថយន្ត ១គ្រឿង (ឆេះខូចខាតទាំងស្រុង), ឆេះទូរសព្ទ័១គ្រឿង ប័ណ្ណបើកបរ ឯកសាររថយន្ដ កាបូបខោអាវ និងអីវ៉ាន់មួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែលចំនួន ១៥.០០០ដុល្លារ។

រីឯមូលហេតុ នៅពេលរថយន្ដធ្វើដំណើរក្នុងទិសដៅពីខាងជើងទៅខាងត្បូង មកដល់ចំណុចកើតហេតុរថយន្ដបានច្រាលលេខក៏បានរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្ដាលឱ្យរថយន្តឆ្លងចរន្ដឆេះតែម្ដង។

ករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ពុំបានចេញអន្តរាគមន៍ពន្លត់ទេ ដោយសារឆេះអស់ហើយទើបទទួលបានព័ត៌មាន៕


ចែករំលែក៖