ហ្សាការតា ឥណ្ឌូនេស៊ី៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន (VECONAC) ព្រមទាំងជាអនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នារដ្ឋធានីហ្សាការតា។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ ជុំវិញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអាស៊ាន និងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន (VECONAC) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមគ្នាលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងការផ្តល់កិត្តិយសដល់អតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់នៅក្នុងតំបន់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ និងសន្តិភាព។
ក្រៅពីកិច្ចការសុខុមាលភាពអតីតយុទ្ធជន លោកអគ្គលេខាធិការអាស៊ាន និងលោកប្រធាន VECONAC ក៏បានពិភាក្សាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាពមួយចំនួនទៀត រួមមាន ការងារជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការកសាងភាពធន់របស់សហគមន៍។
កិច្ចសហប្រតិបត្តិការទាំងអស់នេះ ត្រូវបានភាគីទាំងពីរវាយតម្លៃខ្ពស់ថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងសម្រេចឱ្យបាននូវចក្ខុវិស័យ «អាស៊ាន ២០៤៥៖ អនាគតរួមរបស់យើង» តាមរយៈការផ្សារភ្ជាប់បណ្តាញអតីតយុទ្ធជនក្នុងតំបន់ ទៅនឹងការងារអភិវឌ្ឍន៍សង្គម និងការឆ្លើយតបនឹងគ្រោះអាសន្ននានាក្នុងសហគមន៍អាស៊ាន៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច