ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ១៥៩.០០០នាក់ មកទស្សនា នៅរម្មណីយដ្ឋាននានានិងនៅផ្លូវថ្មើជើងចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ បរិយាកាសដ៏រីករាយ និងអ៊ូអរនៃថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចំថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញមកដើរលេងកម្សាន្ត និងទស្សនាកម្សាន្ត នៅរម្មណីយដ្ឋាននានា យ៉ាងច្រើនកុះករសរុបប្រមាណ១៥៩.០០០នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៤.០០០នាក់។

    បើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកានេះថា៖ 

ចាប់តាំងពីពេលរសៀលរហូតដល់ពេលយប់ តាមបណ្តោយមាត់ទន្លេ និងទីតាំងកម្សាន្តសំខាន់ៗ មានវត្តមានក្រុមគ្រួសារ មិត្តភក្តិ និងអ្នកទស្សនាជាបន្តបន្ទាប់ ដែលមកចូលរួមអបអរ សាទរពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។ ការចេញមកកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើននៅថ្ងៃទី១ បានឆ្លុះបញ្ចាំងពីភាពសប្បាយរីករាយ ភាពសុខដុមរមនា និងការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីដ៏យូរលង់របស់ខ្មែរ។

ទន្ទឹមនឹងការមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករនេះ ក៏មានការយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងការសម្រួលចរាចរណ៍ ដើម្បីធានាឱ្យដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។ វត្តមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិប្រមាណ១៥៩.០០០នាក់ នៅថ្ងៃបើកឆាកនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានបង្ហាញពីភាពទាក់ទាញនៃបុណ្យប្រពៃណីជាតិ និងបរិយាកាសកម្សាន្តដ៏រស់រវើក ដែលជំរុញឱ្យសកម្មភាពសង្គម និងសេដ្ឋកិច្ចតាមមូលដ្ឋានកាន់តែមានភាពមមាញឹកផងដែរ ៕ 

        

ដោយ ៖ សំរិត


ចែករំលែក៖